ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលរកឃើញនៅកម្ពុជា​ បានបំបែកឯតទគ្គ​កម្ម ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុងឃុំ​កោះ​ព្រះ​ ស្រុក​សៀម​បូក ​ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទគ្គ​កម្មពិភពលោក ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

 យោងតាមក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖«ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។

ក្រុមការងារអច្ឆរិយភាពនៃទន្លេមេង្គបន្តថា៖«ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។

គួរជម្រាបថា មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ស្ទឹង​ត្រែង ​និង​ក្រុម​ការងារ​គម្រោង​អច្ឆរិយ​មេគង្គ​ និង​អភិវឌ្ឍន៍​ជល​ផល​ទឹក​សាប (IFREDI) នៃ​ទន្លេ​មេគង្គ​កម្ពុជា​ បាន​វាស់​ថ្លឹង​ និងកិប​ស្លាក​លេខ​ ព្រម​ទាំង​យក​សំណាក​ធ្វើ DNA​ ហើយ​បានលែង​បបែល​យក្ស​ ចូល​​ក្នុង​ទន្លេ​មេគង្គ​​ កាល​ពី​ថ្ងៃទី​ ១៤​ ខែ
មិថុនា ​ឆ្នាំ ២០២២។ បបែលយក្ស​​នេះ​មាន​ទម្ងន់ ​៣០០​ គីឡូ​ក្រាម ​និង​ទំហំ​ចាប់ពី​ក្បាល​ដល់​ចុង​កន្ទុយ​ប្រវែង​ ៣៩៨​ សង់​ទីម៉ែត្រ និង​ទទឹង​ដងខ្លួន​ប្រវែង​ ២២០​ សង់​ទីម៉ែត្រ។

លោក​ សុខ វិជ្ជា អ្នក​ស្រាវ​ជ្រាវ​ជីវចម្រុះ​នៅ​កម្ពុជា ធ្លាប់ថ្លែងថា បបែល​ទាំង​អស់​នៅក្នុង​ប្រទេស​កម្ពុជា ​រាប់​ទាំង​នៅ​ក្នុង​ទឹក​សាប​ និង​ទឹកប្រៃ​មាន​ ១៥ ​ប្រភេទ​ ប៉ុន្តែ​ចំពោះ​ប្រភេទ​បបែល​យក្ស​ទឹក​សាប​ខាងលើ ​ជា​ប្រភេទ​មួយ​កំពុង​រងគ្រោះ​ទៅ​រក​ការ​ជិត​ផុត​ពូជ ​ព្រោះ​សត្វ​បបែល​ប្រភេទ​នេះ​មិន​សម្បូរ​ទេ​ នៅ​តាម​ទន្លេ​មេគង្គ​។

លោក​ថា ​បបែល​នេះ​ជាប់​ជា​ប្រភេទ​បបែល​ដែល​ធំជាង​គេ​បង្អស់​នៅ​លើ​ពិភព​លោក​ដែល​អាច​និយាយ​បាន​ថា ជា​ពូជ​ត្រី​ពិសេស​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​ពពួក​ត្រី​រាជ ​និង​ត្រី​គល់​រាំង។​
លោក​ថ្លែង​ថា៖​ «ត្រី​បបែល​យក្ស​ហ្នឹង​មាន​តែ​នៅ​ខាង​ប្រទេស​ឡាវ​ ថៃ ​និង​ខ្មែរ ​មាន​តែ​បី​ប្រទេស​ហ្នឹង​ទេ ហើយវា​នៅតែ​តាម​បណ្តោយ​ខ្សែ​ទឹក​ទន្លេ​មេ​គង្គ​»៕

ដោយ៖ សុខ រក្សា

ads banner