សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមមធ្យោបាយ និងសម្ភារ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ចេញសារបន្ទាន់មួយ ដោយបានបញ្ជាទៅកាន់ស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ត្រូវក្តាប់ឱ្យជាប់នូវស្ថានភាពទឹកជំនន់ និងត្រៀមមធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការណែនាំនេះស្របពេលដែលបញ្ហាទឹកជំនន់ បានកំពុងកើតមានឡើងនៅតាមបណ្តារាជធានី ខេត្ត មួយចំនួនក្នុងប្រទេសកម្ពុជា ខណៈខេត្តខ្លះបានប្រកាសពីកម្រិតអាសន្ននៃទឹកជំនន់ផងដែរ។
តាមរយៈសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា បានណែនាំដល់ស្ថាប័នថ្នាក់ជាតិ និងអភិបាលរាជធានី ខេត្ត ទាំងអស់ និងបណ្តាកងកម្លាំងប្រដាប់អាវុធ ត្រូវក្តាប់ឱ្យជាប់ តាមដានឱ្យជាប់ ដោះស្រាយឱ្យទាន់ពេលវេលា នៅក្នុងករណីដែលមានបញ្ហាទឹកជំនន់ ប៉ះពាល់នៅក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិដែលរងផលប៉ះពាល់។សម្ដេចធិបតីបញ្ជាក់ថា៖«នៅក្នុងដំណាក់កាលនេះគឺត្រូវត្រៀមរៀបចំកម្លាំង មធ្យោបាយ សម្ភារៈដើម្បីធ្វើយ៉ាងណាការសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ក្នុងករណីដែលមានទឹកជំនន់ ប៉ះពាល់ក្នុងតំបន់តាមបណ្តារាជធានី ខេត្ត។

ជាមួយគ្នានេះសម្ដេចធិបតីប្រាប់ទៅឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តតាមដានឱ្យជាប់និងសហការជាមួយគណៈអភិបាលរាជធានីខេត្ត នៅក្នុងការត្រៀម មធ្យោបាយ អន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្ត ត្រូវការ ។
ចំណែក អគ្គមេបញ្ជាការ អគ្គស្នងការ មេបញ្ជាការកងរាជ អាវុធហត្ថ ផ្ទៃប្រទេស មេបញ្ជាការកងទ័ពជើងគោក ជើងទឹក ជើងអាកាស ត្រូវត្រៀមលក្ខណៈ មធ្យោបាយ កម្លាំង និងសម្ភារចាំបាច់នៅក្នុងការត្រៀមអន្តរាគមន៍សង្គ្រោះ ទៅដល់ប្រជាពលរដ្ឋ នៅក្នុងតំបន់ដែលអាចរងគ្រោះដោយសារទឹកជំនន់។
ជាមួយគ្នានេះដែរសម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រៀមនូវស្បៀង សម្ភារៈ បរិក្ខារចាំបាច់ ក្នុងករណីមានការស្នើសុំពីរាជធានីខេត្តដើម្បីផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះ។
សម្ដេចធិបតីបន្តថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នពាក់ព័ន្ធទៀត គឺត្រូវត្រៀមនូវ
ស្រូវពូជ និងសម្ភារផ្សេងៗ ក្នុងករណីដែលមានផលប៉ះពាល់ធំ ហើយអាចឈានទៅដល់ការស្តារឡើងវិញ ។ ដូចដែលយើងធ្លាប់មានហេតុការណ៍ពីមុនមក។ អ៊ីចឹង!សូមគិតគូរពីការត្រៀម នៅក្នុងផែនការស្រោចស្រង់ឡើងវិញជាការចាំបាច់ក្នុងករណីដែលមានការខូចខាតដំណាំ»។
ពាក់ព័ន្ធបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៩ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើងក្នុងកំរិតប្រកាសអាសន្ន។
ជាមួយគ្នានេះ មន្ទីរខេត្ត ក៏បានណែនាំដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។
គួរជម្រាបថា ក្រៅពីខេត្តពោធិ៍សាត់ ខេត្តចំនួនបួនទៀត កំពុងទទួលរងនូវជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យជន់លិចផ្ទះប្រជាពលរដ្ឋរួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ជាដើម៕ ដោយ៖ សុខ រក្សា
