អាមេរិក​ចោទ​ចិនថា ​កំពុងគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោកតាមរយៈការប្រមូលទិន្នន័យ

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះសហរដ្ឋអាមេរិកបាននិយាយ​ថាប្រទេសចិន​កំពុងគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក ​តាមរយៈការបិទបាំងព័ត៌មាន ការប្រមូលទិន្នន័យ និងការទិញភាគ​ហ៊ុន​នៃបណ្តាញព័ត៌មានបរទេស​ដោយ​សម្ងាត់។​ អាមេរិកព្រមានថា និន្នាការនេះអាចនាំឱ្យមាន ការធ្លាក់​ចុះខ្លាំង នៃសេរីភាពការ​បញ្ចេញមតិ​សកល។

នៅក្នុងរបាយការណ៍មួយ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយ ថាទីក្រុងប៉េកាំង​បានចំណាយ​ប្រាក់រាប់​ពាន់​លានដុល្លារជារៀងរាល់ឆ្នាំលើកិច្ចខិតខំប្រឹងប្រែងរៀបចំព័ត៌មាន ​តាមរយៈ​ការ​ទទួល​បាន​ភាគហ៊ុន​នៅ​ក្នុង​​ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបរទេសតាមមធ្យោបាយបើកចំហ និង​បិទបាំងជាច្រើន បូករួមទាំងការ​ឧបត្ថម្ភ​ទៅដល់​អ្នកបង្កើតមាតិកាលើអ៊ីនធឺណិត (influencers) ដោយភ្ជាប់ជាមួយ​កិច្ចព្រមព្រៀង​ដើម្បីធានា​ថាខ្លឹមសារការ​ផ្សព្វផ្សាយគឺដើម្បីលើករដ្ឋាភិបាលចិន។មកទល់ពេលនេះ ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​មិនទាន់​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

គួររំឭកថា កាលពីខែកក្កដា ទីក្រុងប៉េកាំងបានឆ្លើយតបទៅនឹង​សេចក្តីថ្លែងការណ៍របស់​ណាតូដោយ​ចោទប្រកាន់​ថា ខ្លួនមាន​គោលនយោបាយបង្ខិតបង្ខំ និងផ្សព្វផ្សាយព័ត៌មាន​មិនពិត ដោយចិនបាន​និយាយថា​សេចក្តីថ្លែងការណ៍​នោះ​​មិនមានមូលដ្ឋាន តែមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះចិន និងបំភ្លៃគោលនយោបាយរបស់ខ្លួន។

ដោយលើកឡើងពីរបាយការណ៍សាធារណៈនិងព័ត៌មានរដ្ឋាភិបាលដែលទើបទទួលបានថ្មី មជ្ឈមណ្ឌលទំនាក់ទំន​ង​​សកលរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ​បាននិយាយថា ទីក្រុងប៉េកាំងបាន​បង្កើតប្រព័ន្ធ​អេកូព័ត៌មាន​ផ្ទាល់ខ្លួន ដោយសហការជ្រើសរើស​យកតែឥស្សរជននយោបាយបរទេស និងអ្នកសារព័ត៌មាន​បរទេស។

មជ្ឈមណ្ឌលដដែលនេះបានបន្ថែមថា ចិនក៏បានវិនិយោគលើបណ្តាញផ្កាយរណប និងសេវា​កម្មទូរទស្សន៍​ឌីជីថលនៅក្នុងតំបន់​កំពុងអភិវឌ្ឍន៍មួយ ដែលផ្តល់អាទិភាពដល់ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយ​ដែលគាំទ្រ​ដោយរដ្ឋ​របស់ចិន។លើសពីនេះការប្រមូលទិន្នន័យរបស់ចិននៅក្រៅប្រទេស បានអនុញ្ញាតឱ្យទីក្រុង​ប៉េកាំង​កែសម្រួល​ ត្រួតពិនិត្យ​ជាសកល​ដោយអាចកំណត់បុគ្គលណាម្នាក់ និងអង្គការណាមួយយ៉ាងជាក់លាក់។

របាយ​ការណ៍​នោះ​បញ្ជាក់ទៀត​ថា​៖ «បើ​មិន​បាន​ពិនិត្យ​ដិតដល់ទេ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុង​ប៉េកាំង​អាច​នាំ​ឱ្យមាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជា​សាកល»៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ https://www.straitstimes.com/asia/east-asia/us-accuses-china-of-global-media-manipulation

ads banner