សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំ កងកម្លាំងគ្រប់ ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់
ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅព្រលប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ ដឹកនាំ, កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការអន្តរាគមន៍សង្គ្រោះ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងបានជួយដោះ ស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។
តាមរយៈសារដដែល សម្ដេចធិបតី បានសូមបងប្អូន អ៊ំពូមីង លោកយាយលោកតា មេត្តាចូលរួមសហការ និងចាកចេញពីទី កន្លែងជន់លិចទៅកាន់ទីទួលសុវត្ថិភាព ហើយក៏សូមមេីលថែ ទាំសមាជិកគ្រួសារ ជាពិសេសកូនចៅតូចៗឱ្យនៅឆ្ងាយពីទឹក ឬទីកន្លែងហានិភ័យនានា។
ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតអាកាស ថា ចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី៤ខែតុលាឆ្នាំ២០២៣ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គក្នុងប្រទេសថៃនិងឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាស្ថានភាពបែបខាងលើធ្វើឱ្យបណ្តាខេត្តនៅភាគពាយព្យនិងភាគខាងជើង អាចមានភ្លៀងធ្លាក់ ក្នុង កម្រិតខ្សោយជាមួយនឹងការភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីរងទឹកភ្លៀងពី៣០ទៅ៤០ភាគរយនៃផ្ទៃដីសរុប។ រីឯនៅរាជធានីភ្នំពេញ និងបណ្តា ខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុង កម្រិតពីតិចទៅ បង្គួរនៅលើផ្ទៃដីរងទឹកភ្លៀងពី៧០ទៅ៩០ ភាគរយនៃផ្ទៃដីសរុប។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លើផ្ទៃដីរង ទឹកភ្លៀង៩០ ភាគរយនៃផ្ទៃដីសរុប៕ដោយ៖វណ្ណលុក










