បាក់រលំអណ្តូងរ៉ែមាស ស្លាប់មនុស្សយ៉ាងតិច ៩នាក់ នៅប្រទេសហ្ស៊ីមបាវ៉េ

ហារ៉ា៖ កម្មករអណ្តូងរ៉ែ យ៉ាងហោចណាស់ ចំនួន៩ នាក់បានស្លាប់ បន្ទាប់ពីបាក់រលំអណ្តូងរ៉ែមាសមួយកន្លែង ក្នុងប្រទេសហ្ស៊ីមបាវ៉េ នេះបើតាម វិស្វករនៅឯការដ្ឋាន និងក្រុមអ្នករុករករ៉ែ បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃសៅរ៍ សប្តាហ៍នេះ។

ប្រធានសហព័ន្ធអ្នករុករករ៉ែ លោកស្រី Henrietta Rushwaya បានប្រាប់ AFP ថា «សាកសពមនុស្ស ចំនួន៤នាក់ ត្រូវបានរកឃើញ ហើយ មនុស្ស៥ នាក់ផ្សេងទៀតនៅតែជាប់គាំង នៅក្រោមគំនរបាក់បែក»។

រីឯ វិស្វករអណ្តូងរ៉ែ លោក Hussein Phiri បានបញ្ជាក់ប្រាប់ AFP ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពអ្នករុករករ៉ែទាំងប្រាំនាក់នោះ ដែលជាប់នៅក្រោមគំនរបាក់បែក។ លោកបានប្រាប់ថា «យើងអាចមើលឃើញយ៉ាងច្បាស់ គឺ សាកសពមនុស្ស៥នាក់..យើងច្បាស់ណាស់ថា ពួកគេទាំងអស់ពិតជាបានស្លាប់ហើយ»។

ទោះបីជាយ៉ាងណាក៏ដោយ លោក Hussein Phiri បានឲ្យដឹងទៀតថា «វាពិតជាលំបាកណាស់ក្នុងការទាញយកសាកសពទាំងនោះ ពីព្រោះអណ្តូងរ៉ែ បានបាក់ដួលរលំទៅហើយ…ពេលដែលពួកយើងព្យាយាមទាញយកសាកសពទាំងនោះ វាក៏អាចធ្វើឲ្យពួកយើង ត្រូវបាត់បង់ជីវិតផងដែរ»។

ទូរទស្សន៍រដ្ឋ ZBC បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើង កាលពីថ្ងៃសុក្រ សប្តាហ៍នេះ នៅក្នុងទីក្រុង Chegutu ចម្ងាយប្រហែល ១២០ គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី ហារ៉ា (Harare) នៅឯតំបន់រ៉ែមាស Bay Horse។

រដ្ឋមន្ត្រីក្រសួងរ៉ែរបស់ប្រទេសហ្ស៊ីមបាវ៉េ លោក Soda Zhemu ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបញ្ជាក់ថា អ្នករុករករ៉ែចំនួន ២១ នាក់បាន រួចផុតពីគ្រោះថ្នាក់ដល់អាយុវជីវិត ដោយក្នុងនោះ មនុស្ស ១៣នាក់អាចចេញពីអណ្តូងរ៉ែ ដោយមិនមានគ្រោះថ្នាក់ ខណៈដែល មនុស្សប្រាំបីនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ទាន់ពេលវេលា។

ប្រទេសហ្ស៊ីមបាវ៉េ ដែលស្ថិតប្លុកតំបន់អាហ្វ្រិកខាងត្បូងមួយនេះ ត្រូវបានគេដឹងថា មានសម្បូរដោយ ផ្លាទីន ពេជ្រ មាស ធ្យូងថ្ម និងទង់ដែង។ ដោយសារតែបញ្ហាសេដ្ឋកិច្ច សកម្មភាពជីកយករ៉ែខុសច្បាប់ គឺមានច្រើន ហើយជារឿយៗ កើតឡើងប្រឈមនឹងគ្រោះថ្នាក់។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កម្មកររុករករ៉ែ ២៤ នាក់បានស្លាប់ ក្នុងរណ្តៅរ៉ែ ដែលគេបោះបង់ចោលមួយកន្លែង ដែលបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅកណ្តាល ប្រទេសហ្ស៊ីមបាវ៉េ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner