ប្រជាជនឥណ្ឌូនេស៊ីរាប់រយនាក់គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងហេតុការណ៍រត់ជាន់គ្នា និងឆេះក្នុងកីឡដ្ឋាន
ហ្សាការតា៖ ប្រជាជនឥណ្ឌូនេស៊ីរាប់រយនាក់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានចូលរួមគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ ក្នុងហេតុការណ៍រត់ជាន់គ្នា និងឆេះនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយកាលពីមួយឆ្នាំមុន សម្លាប់មនុស្សចំនួន ១៣៥នាក់ ដែលនេះជាគ្រោះមហន្តរាយកើតមានឡើងនៅកីឡដ្ឋានដ៏អាក្រក់បំផុត។

សាច់ញាតិអ្នករស់រានមានជីវិត និងអ្នកគាំទ្របានប្រមូលផ្តុំគ្នា ដើម្បីចូលរួមពិធីបួងសួងដ៏ធំមួយនៅកីឡដ្ឋាន Kanjuruhan ដែលស្ថិតនៅទីក្រុង Malang ខេត្ត East Java ជាទីដែលការរត់ជាន់គ្នាដ៏សាហាវបានកើតឡើងនៅចុងបញ្ចប់នៃការប្រកួតកីឡាបាល់រវាងក្លឹប Arema FC និងក្លឹប Persebaya Surabaya។

អ្នកចូលរួមបន់ស្រន់ម្នាក់បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន AFP យ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ ប៉ុន្តែយើងទាំងអស់គ្នាបានបន់ស្រន់ជាមួយគ្នា… ដោយសង្ឃឹមថា វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់ឋានសួគ៌។ ចំណែក អ្នកចូលរួមបន់ស្រន់ម្នាក់ទៀតបានស្នើឱ្យស៊ើបអង្កេតឲ្យបានហ្មត់ចត់តាមផ្លូវច្បាប់។ សាច់ញាតិខ្លះនៅតែស្វែងរកយុត្តិធម៌ ដោយអះអាងថា ការកាត់ទោសដាក់ពន្ធនាគារចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ទៅលើមន្ត្រីប៉ូលិស ៣នាក់ និងជនស៊ីវិល ២នាក់ ពីបទធ្វេសប្រហែសបណ្ដាលឲ្យស្លាប់ គឺស្រាលពេកណាស់។

សូមរម្លឹកថា ហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋានបាល់ទាត់មួយ កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានបង្កសោកនាដកម្មដ៏អាក្រក់មួយ ដោយមនុស្សចំនួន ១៣៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ហើយបើតាមអាជ្ញាធរឥណ្ឌូនេស៊ី ក្រុមអ្នកគាំទ្រក្រុមកីឡាបាល់ទាត់បានរត់ចូលទីលានប្រកួតយ៉ាងអនាធិបតេយ្យ រហូតនាំឱ្យប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ទើបបង្កឱ្យមានហេតុការណ៍រត់ជាន់គ្នា និងឆេះក្នុងទីលានតែម្តង៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា