ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បើកកិច្ចប្រជុំត្រួតពិនិត្យ ការងារគ្រប់គ្រងគ្រោះមហន្តរាយ និងផ្សព្វផ្សាយ វិធានការ ត្រៀម បង្ការ និងការឆ្លើយតបពេល មានគ្រោះមហន្តរាយកើតឡើងនៅខេត្តពោធិសាត់
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសសជាអនុប្រធានទី១គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការងារ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តពោធិ៍សាត់ និងផ្សព្វផ្សាយ វិធានការត្រៀម បង្ការ និងការឆ្លើយតបពេល មានគ្រោះមហន្តរាយកើតឡើង។
កិច្ចប្រជុំ នេះបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៥ខែកក្តដា ឆ្នាំ២០១៩នៅសាលាខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមន្ត្រីរាជការតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធទាំង៣ អង្គការជាដៃគូរ និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្តសរុបចំនួន២៩១នាក់។
តាមរបាយការណ៍របស់ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថាក្រោយពេលដែលរាជរដ្ឋាភិបាលបានកសាងទំនប់ទី៣ និងទី៥រួចមកអាចកាត់បន្ថយជំនន់ទឹកស្ទឹងបានមួយកំរិត ដោយឡែកគ្រោះរាំងស្ងួតបានបង្ករឲ្យប៉ះពាល់ជាង៤៦ពាន់ហិកតា តែដោយមានការចាត់តាំងសង្គ្រោះបន្ទាន់ និងថ្មីៗនេះមានភ្លៀងធ្លាក់ផងនោះទើបមិនបណ្តាលអោយមានការខូចខាតទេ។
ក្នុងឆ្នាំ២០១៩នេះក្រុងស្រុកចំនួន៣ជួបប្រទះនូវខ្យល់កន្រ្តាក់១២លើក ប៉ះពាល់ ១១៨គ្រួសារ ស្មើនឹង១១៨ខ្នងផ្ទះ និងសាលារៀនចំនួន០៤បន្ទប់។
ជាមួយគ្នានោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ អគ្គីភ័យ គ្រួសារក្រីក្រ ចាស់ជរា ជនពិការ បានទាន់ពេលវាលា និងបានសំណូមពរដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការដៃគូ និងសប្បុរសជន បន្តផ្តល់ការគាំទ្រ ធនធាន សម្ភារ មច្ចេកទេសបន្ថែមទៀត ដែលទាក់ទងនឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ បានណែនាំដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្រ្ដីពាក់ព័ន្ធធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឲ្យបានច្បាស់ដើម្បីងាយស្រួលក្រសួងស្ថាប័នជំនាញចាត់វិធានការជួយសង្គ្រោះប្រជាពលរដ្ឋ និង ត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ និងត្រៀមលក្ខណៈជាមុន ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល បង្កើន និងពង្រឹងពង្រីកយន្តការ គ្រប់គ្រងគ្រោះមហន្តរាយ ដោយកំណត់ការរៀបចំ និងការប្រព្រតឹត្តទៅរបស់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ ទាំងការចែករំលែកព័ត៌មាន មានចំណេះដឹង ដោយផ្សារភ្ជាប់ការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងបន្សាំងទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការច្បាប់។ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា ដើម្បីធានាប្រសិទ្ធភាពនៃការងារគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវវិធានការត្រៀមបង្កាសម្រាប់អនុវត្តឲ្យបានខ្ចាប់ខ្ជួនគោលការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ជាពិសេសច្បាប់ស្ដីពីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា យកចិត្តទុកដាក់តាមដានព្យាករណ៍អាកាសធាតុរបស់ធនធានទឹក ឧតុនិយម ផ្សព្វផ្សាយប្រព័ន្ធផ្តល់ព័ត៌មានឲ្យដឹងជាមុន(១២៩៤)ដើម្បីឲ្យប្រជាពលរដ្ឋបានត្រៀមបង្កាជាមុន ផ្សព្វផ្សាយប្រព័ន្ធវេទិការព័ត៌មានទាន់ហេតុការណ៍ (PRISM)” នឹងការលើកកម្ពស់ការត្រៀមបង្ការ ការឆ្លើយតបបន្ទាន់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាប្រមូលព័ត៌មាន (Tablet) ការតាមដាន និងត្រួតពិនិត្យដែលជាយន្តការជំនួយក្នុងការសម្របសម្រួល និងធ្វើការសម្រេចចិត្តបានទាន់ពេលវេលា ផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា អោយបានទូលំទូលាយដល់មន្ទីរ អង្គភាព កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ សំដៅលើកំពស់ការយល់ដឹង និងការចូលរួមឲ្យកាន់តែប្រសើរ៕ធ.ដ