កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជ្រើសរើស ជើងឯកពិភពលោក នាចុងឆ្នាំនេះ
នៅអាគារមជ្ឈមណ្ឌលជាតិហ្វឺកហ្វើនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសន្និសិទសាព័ត៌ ដែលមានការចូលពី ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក រួមនឹងមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើនរូបទៀតផងដែរ ។
ឯកឧត្តម ស សុខា បានអោយដឹងថា កម្ពុជាបានរៀបចំផែនការរួម រួចជាស្រេចហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក នាខែវិច្ឆិកា ចុងឆ្នាំ២០១៩នេះ ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជា មានប្រសាសន៍ថា ការធ្វើជាម្ចាស់ផ្ទះការប្រកួតលំដាប់ពិភពលោកលើកដំបូងនេះ ជាឈ្នាន់ ដើម្បីអោយយើងទទួលបានបទពិសោធន៍ ក្នុងដំណើរឆ្ពោះទៅ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក Claude Azema បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្ត ជ្រើសរើសយកប្រទេសកម្ពុជា ធើ្វជាម្ចាស់ផ្ទះ ដោយសារកីឡាករ កីឡាការិនី របស់កម្ពុជា មានកម្រិតសម្ថភាពខ្ពស់ ។ លោក ជឿជាក់ថា កម្ពុជានឹងទទួល បានលទ្ធផលល្អក្នុងការធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ដែលទើបទទួលបានសិទ្ធិលើកដំបូងក៏ដោយ ដោយសារលោកមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសហព័ន្ធកីឡាប៉េតង់កម្ពុជា បន្ទាប់ពីលោកបានធ្វើដំណើរមកកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេក ទេសនាពេលកន្លងមក ។
គួរដឹងថា នេះគឺជាលើកទី៣ ហើយ ដែលលោក Claude Azema មកកម្ពុជា ក្រោយសហព័ន្ធកីឡាប៉េតង់ ពិភពលោក បានផ្ដល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៩ នាខែវិច្ឆិកាខាងមុខ។ ដំណើរទស្សនកិច្ចលើកនេះ ក្រៅពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកក៏នឹងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីលានប្រកួត និងកន្លែងស្នាក់នៅ សម្រាប់ទទួលភ្ញៀវ ដែលត្រូវមកប្រកួតជើងឯកពិភពលោកកម្ពុជាផងដែរ។
សូមបញ្ជាក់ថា សម្រាប់ ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក អនុញ្ញាតអោយតែមួយក្រុមប៉ុណ្ណោះ ដែលត្រូវតំណាងអោយប្រទេសមកចូលរួមប្រកួត ប៉ុន្តែម្ចាស់ផ្ទះវិញ សហព័ន្ធកីឡាប៉េតង់ពិភពលោក អនុញ្ញាតអោយ២ ក្រុមចូលរួមប្រកួត ។