ក្រោយបរិច្ចាគជួយពលរដ្ឋ៣សង្កាត់, កាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ បន្តបរិច្ចាគជួយពលរដ្ឋនៅសង្កាត់ទួលសង្កែទី១ ដែលកំពុងជួបការខ្វះខាត

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំសហការី យកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់អនុសាខាខណ្ឌ មកចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនពលរដ្ឋ មានជីវភាពខ្វះខាត ដែលងាយរងគ្រោះ ស្ថិតនៅសង្កាត់ ទួលសង្កែទី១ ក្រោយពីនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភបរិច្ចាគជូនពលរដ្ឋស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក នៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ និងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

សូមជម្រាបថា លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី១៨ និងថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០១៩ ក៏បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាខណ្ឌ មកចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានជំងឺរ៉ាំរ៉ៃ និងចាស់ជរាគ្មានទីពឹង ដែលងាយរងគ្រោះមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក នៅភូមិ១ សង្កាត់ច្រាំងចំរេះទី១ និងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ពោលគឺប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៤សង្កាត់ហើយ ដែលបានទទួលការបរិច្ចាគ ពីកាកបាទក្រហមកម្ពុជាសាខាខណ្ឌឫស្សីកែវ។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ រួមមាន៖ អង្ករ ១៤០គីឡូក្រាម, ឃីត ០៧កញ្ចប់, ទឹកស៉ីវអ៉ីវ-ទឹកម្ទេស ៥៦ដប និងថវិកា មួយចំនួន។

ក្នុងឱកាសនេះ លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ តាមការផ្ដាំផ្ញើ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរតាមជាក់ស្ដែង ព្រោះនៅទីណាឲ្យតែមាន ប្រជាពលរដ្ឋងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជាជានិច្ច។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះដែរ ប្រជាពលរដ្ឋ ពិតជាមានទឹកមុខញញឹម សប្បាយរីយរាយ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់ កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងសហការីផងដែរ៕ ដោយ ហាស់ កំសាន្ដ

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner