មន្រ្តី នៃក្រសួងហិរញ្ញាវត្ថុអះអាងថា ម្ចាស់សហគ្រាសទាំងអស់ ចំាំបាច់ត្រូវយល់ដឹងពីច្បាប់ស្តីពី“ គណនេយ្យ និងសវនកម្ម” ដើម្បីបង្កើនតម្លាភាព និងសុក្រឹតភាព នៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៩ មានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី“កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបច្ចុប្បន្នភាពច្បាប់ នៃសារពើពន្ធ សម្រាប់សហគ្រាសអ្នកជាប់ពន្ធនៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការក្រុមប្រឹក្សាជាតិគណនេយ្យ  ។
ឯកឧត្តម ប៊ូ ថារិន បានលើកឡើងពីគោលបំណង ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្មនៅកម្ពុជា ដល់សហគ្រាស ដើម្បីស្វែងយល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលសហគ្រាសត្រូវអនុវត្តក្នុងនោះរួមមានកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្ម ជាដើម។ សហគ្រាសដែលបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ នឹងទទួលបានសារៈប្រយោជន៍យ៉ាងច្រើនដូចជា តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ, ភាពងាយស្រួលក្នុងការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ, ការស្វែងរកដៃគូវិនិយោគពីបរទេស, និងការជៀសផុតពីការពិន័យពីស្ថាប័នមានសមត្ថកិច្ចដើម  ។  ឯកឧត្តមបានបន្តថា ច្បាប់ស្តីពី “គណនេយ្យ និងសវនកម្ម” មានចំណុចជាឧត្តមប្រយោជន៍ និង គុណសម្បត្តិជាច្រើន រួមមាន  ការបង្កើនតម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្តរបស់សាធារណជនលើសហគ្រាស ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុកនិងបរទេស; ជម្រុញគណនេយ្យភាព និងអភិបាលកិច្ចល្អនៃសហគ្រាស; បង្កើនគុណភាព និងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និង សវនករ និង លើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម; ជម្រុញបន្ថែម និងទ្រទ្រង់និរន្តរភាពនៃទីផ្សារមូលធនព្រមទាំងបង្កលក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពចូលរួមក្នុងទីផ្សារមូលធន និងជួយទ្រទ្រង់នូវលទ្ធភាពក្នុងការទទួលបានឥណទាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋ និងការបង្កើតការងារជូនប្រជាពលរដ្ឋ  ដែលជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធ ។
ឯកឧត្តមក៏បាន ធ្វើការផ្តាំផ្ញើសិក្ខាកាមទាំងអស់ ឲ្យយកនូវចំណេះដឹងទាំងនេះទៅធ្វើការអនុវត្តនៅ តាម       បណ្តាក្រុមហ៊ុន សហគ្រាស ឲ្យទទួលបានលទ្ធផលជាផ្លែផ្កាទៀតផង  ៕  ម៉ី សុខារិទ្ធ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner