ទេសរដ្ឋមន្រ្តី អៀង មូលី ស្នើសុំឲ្យមន្ត្រី ឃុំ ស្រុក ត្រូវខិតខំដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស
នៅសាលាស្រុកបរសេដ្ឋ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ មានកិច្ចប្រជុំលើកទី១ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបរសេដ្ឋ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបរសេដ្ឋ ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីជួយពង្រឹងការងារ និងស្តាប់អំពីបញ្ហាប្រឈមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្វែងយល់អំពីការងារសេសសល់ពីអាណត្តិមុន និងការងារត្រូវធ្វើ ឬបន្តធ្វើនៅអាណត្តិនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យមេឃុំឡើងធ្វើរបាយការណ៍ ក្នុងនោះឃុំចំនួន១៤ លើ១៥បានឡើងរាយការណ៍អំពីការអភិវឌ្ឍក្នុងឃុំ សន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាដែលជួបប្រទះដើម្បីស្នើសុំដំណោះស្រាយ។
ជារួមនៅគ្រប់ឃុំមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើន។ បញ្ហាប្រឈមដែលឃុំជួបប្រទះ និងលើកឡើងមាន : អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ បរិស្ថាន ផ្លូវ អគ្គិសនី ធនធានទឹក និងគ្រោះថ្នាក់ចរាចរណ៍។
ជាដំណោះស្រាយ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតឱ្យលោកអភិបាលរងស្រុក លោកនាយករដ្ឋបាល ប្រធានការិយាល័យស្រុក លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោកប្រធានមន្ទីរធនធានទឹកឡើងឆ្លើយបំភ្លឺ និងចូលរួមដោះស្រាយ។
ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីស្តាប់របាយការណ៍ យើងអាចក្តាប់បាននូវបញ្ហានៅតាមឃុំ។ ដូច្នេះ យើងនឹងពិគ្រោះជាមួយក្រុមការងារឃុំ ដើម្បីចេញជាដំណោះស្រាយដល់ប្រជាពលរដ្ឋ។ បញ្ហាបរិស្ថាន គឺកសិដ្ឋាន ខ្វះការវេចខ្ចប់។ មន្រ្តីយើងត្រូវខិតខំដោះស្រាយ។ ការិយាល័យបរិស្ថាន កសិកម្ម និងសាលាស្រុកត្រូវចុះទៅពិនិត្យថាទីតាំងកសិដ្ឋាននោះ បានធ្វើតាមច្បាប់ទេ និងត្រូវណែនាំឱ្យធ្វើការកែលម្អ។
ចំណែករឿងធនធានទឹក ផ្លូវ អគ្គិសនី យើងទាក់ទងទៅខេត្ត ដើម្បីបញ្ជាក់ថា គម្រោងនឹងលើកយកទៅអនុវត្តពេលណា? ឯបញ្ហាអត្រានុកូល ដ្ឋាន យើងបានដឹងថា មានការខ្វះខាតទម្រង់បែបបទច្រើន។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យយុវជនចូលរួមបានច្រើន គួររៀបចំឱ្យមានកម្មវិធីកម្សាន្តសប្បាយ បន្ទាប់មក ចាំធ្វើការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់បញ្ជាក់ជូនអ្នកចូលរួមកិច្ចប្រជុំឱ្យទុកចិត្តលើរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលដៅយូរអង្វែង ដូច្នេះមន្ត្រីរបស់យើងត្រូវខិតខំដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ជាមួយគ្នានេះឯកឧត្តម មានប្រសាសន៍ថា ក្រុមប្រឆាំង អត់អាចរស់ឡើងវិញទេ។
ឥឡូវនេះក្រុមប្រឆាំងមានតែផ្លូវ២ទេ គឺ ១) ចូលរួមលើកស្ទួយប្រជាធិបតេយ្យដោយចូលរួមក្នុងការ បោះឆ្នោត និង២) ចូលរួមជាក្រុមឧទ្ទាម ដែលនឹងទទួល ការបង្រ្កាប។ បើបង្កចលាចល យើងនឹងបង្រ្កាប មិនឱ្យមានជាដាច់ខាត។ ហើយបើប្រព្រឹត្តខុសច្បាប់ យើងនឹងអនុវត្តច្បាប់ ហើយធ្វើការបង្ក្រាបភ្លាមៗ៕ធ.ដ