ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសទទួលស្គាល់សហគមន៍ តំបន់ការពារធម្មជាតិ«ស្រែព្រះ»
មណ្ឌលគីរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ត ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តណ្ឌលគីរី បានរៀបចំពិធីប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «ស្រែព្រះ» ក្រោមអធិបតីភាព ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ប្រធានមន្ទីរបរិស្ថានខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ ក្រោមការជួយគាំទ្រពីគម្រោងរបស់អង្គការ WCS។
ពិធីប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិ «ស្រែព្រះ» ធ្វើឡើងនៅភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងគោលបំណងសំខាន់ចំនួន៣ រួមមាន៖
១)បង្កើនការយល់ដឹង និងជ្រាបពីវឌ្ឍនភាពរបស់គម្រោង និងដំណើរការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ។
២)ផ្តល់ភាពស្របច្បាប់ពេញលេញជូនសហគមន៍មូលដ្ឋានក្នុងការអនុវត្តការងារសហគមន៍តំបន់ការពារធម្មជាតិ។
៣)បង្កើនភាពជឿជាក់ និងលើកទឹកចិត្តដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍។
សូមជម្រាបជូនថា សហគមន៍តំបន់ការពារធម្មជាតិ «ស្រែព្រះ» មានផ្ទៃដីសរុបទំហំ ៣៤៣៨ហិកតា ត្រូវបានក្រសួងបរិស្ថាន ចេញប្រកាសលេខ០៥៨ ប្រក.បស្ថ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ភូមិចំនួនបី គឺភូមិពូគង់ ភូមិពូចារ ភូមិអូរច្រា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕ធ.ដ
ដោយៈ សាត ចាន់បុត្រ (ប្រភពមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី)