បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើង ការពារអាកាសប្រចាំឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តមឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក បានលើកឡើងថា ការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០១៩ នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក នាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការការពារជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសថ្នាក់កងអនុសេនាតូច កងអនុសេនាធំ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ នៅមូលដ្ឋានកងការពារអាកាស ទួលត្រាច ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ជា សារ៉ន បានមានប្រសាសន៍បន្ថែមទៀតថា ថ្វីត្បិតតែបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហ្វឺនជាប្រចាំដូចភ្លៀងរលឹម សំដៅលើកកម្ពស់ សមត្ថភាព ចំណេះជំនាញពិតប្រាកដ និងឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

នៅក្នុងនាមឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ជា សារ៉ន បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះឯកឧត្តមឧត្តមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការង និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស កងទ័ពជើងគោក ឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាននាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានការពារអាកាសទាំងអស់ ដែលបានសហការគ្នាជាធ្លុងមួយ      ក្នុងការបំពេញភារកិច្ចរបស់ខ្លួននាពេលកន្លងមក ដោយអនុវត្តន៍តាមចរាចរណែនាំ ការចង្អុលបង្ហាញពីក្រសួង
ការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ និងមានការទទួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណផងដែរ ចំពោះបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសម្ព័ន្ធមេត្រីភាព ដែលបានរៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០១៩ តាមការគ្រោងទុកនាពេលនេះ។

ឯកឧត្តម ជា សារ៉ន បានគូសបញ្ជាក់ពីលក្ខណៈពិសេសនៃជំនាញការពារអាកាស និងតួនាទីភារកិច្ចកាំ
ភ្លើងការពារអាកាស សម្រាប់កម្ទេចរាល់គោលដៅសត្រូវទោះនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក ព្រមទាំង
បានគូសបញ្ជាក់យុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ព ត្រូវខិតខំបង្កើនការហ្វឹកហាត់ក្នុងន័យសំខាន់នៃការងារការពារបូរណភាពទឹកដី។

ឯកឧត្តមបានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវមានភាពម៉ឺងម៉ាត់ តស៊ូពុះពារ ខិតខំរៀនសូត្រ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានសម្រេចនូវផែនការហ្វឹកហ្វឺន គោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុងវគ្គបានល្អ ត្រូវជម្នះឲ្យបាននូវភាពអសកម្មទាំងឡាយ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ ជារបងការពារជាតិរឹងមាំ។ ចំពោះគ្រូយោធាចារ្យ ត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន ដើម្បីបង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗជូនដល់សិក្ខាកាមងាយយល់ សង្ឃឹមថា ពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ។

នៅក្នុងរបាយការណ៍បើកហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០១៩ ដែលផ្តល់ដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ្វីន សុខ មេបញ្ចាការរងនៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានឲ្យដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល០២ខែ ស្មើ ៦១ថ្ងៃ។ ចាប់ពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានសមាសភាពកម្មសិក្សាការី ចូលរួមរៀនសូត្រចំនួន៥៥នាក់ មកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងគ្រូយោធាចារ្យចំនួន០៥នាក់។ វគ្គនេះ នឹងសិក្សាខ្លឹមសារមេរៀន ដែលត្រូវហ្វឹកហ្វឺនរួមមាន៖ លំហាត់របៀប អប់រំចិត្តសាស្ត្រ អនុវត្តន៍ជាក់ស្តែង យុទ្ធវិធីស៊ើបការណ៍ និងបច្ចេកទេសកាំភ្លើង។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ជា សារ៉ន បាននាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត ចំនួន២លានរៀល ឧបត្ថម្ភដល់វគ្គនេះផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner