មេដឹកនាំតួកគីជំរុញឱ្យអ៊ីស្រាអែលជៀសវាងវាយប្រហារលើជនស៊ីវិលស្លូតត្រង់នៅហ្គាហ្សា
អ៊ីស្តង់ប៊ុល៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ នៅថ្ងៃចន្ទទី៩ ខែតុលានេះ បានអំពាវនាវឱ្យអ៊ីស្រាអែលជៀសវាងការវាយប្រហារលើជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា។

ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ បានជំរុញឱ្យអ៊ីស្រាអែលជៀសវាងការវាយប្រហារណាមួយលើជនស៊ីវិលស្លូតត្រង់ នៅក្នុងសង្គ្រាមរបស់ខ្លួនជាមួយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សា។ ប៉ុន្តែលោក អឺដូហ្កាន់ បានបញ្ចេញការរិះគន់យ៉ាងខ្លាំងចំពោះក្រុមហាម៉ាស និងបានជំរុញភាគីទាំងសងខាងឱ្យគោរពក្រមសីលធម៌នៃសង្រ្គាម។

ការិយាល័យប្រធានាធិបតីតួកគី បានប្រាប់ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្ស៊ក តាមទូរស័ព្ទថា ការបង្កគ្រោះថ្នាក់ដល់ប្រជាជននៅតំបន់ហ្គាហ្សាជាសមូហភាព និងដោយមិនរើសអើង នឹងបង្កើនការឈឺចាប់ និងការកើនឡើងអំពើហិង្សានៅក្នុងតំបន់។

ដោយឡែក លោក អឺដូហ្កាន់ ក៏បានពិភាក្សាជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូដ អាបាស់ និងនាយករដ្ឋមន្ត្រីលីបង់ លោក ណាជីប មីខាទី ផងដែរ ដោយលោក អឺដូហ្កាន់ បានគាំទ្រយ៉ាងក្លៀវក្លាចំពោះបុព្វហេតុប៉ាឡេស្ទីន និងបានគាំទ្រដំណោះស្រាយរដ្ឋពីរសម្រាប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា