សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកម្លាំងចលករមួយធំសម្រាប់សេដ្ឋកិច្ចជាតិ ទោះបីមុខរបរគាត់អាចរកចិញ្ចឹមជីវិតបានតូចតាចក៏ដោយ

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថ្វីត្បិតតែបងប្អូនផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុខរបរគាត់ អាចរកចិញ្ចឹមជីវិតបានតូចតាចមែន ប៉ុន្តែគាត់ក៏ជាកម្លាំងចលករមួយធំ សម្រាប់សេដ្ឋកិច្ចជាតិផងដែរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សម្តេចធិបតី បានលើកឡើងថា និយមន័យ ក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ និយមន័យសេដ្ឋកិច្ច គឺមានភាពខុសគ្នា និងលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ ប៉ុន្តែអ្វីដែលដូចគ្នា គឺទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដែលយើងមានកាតព្វកិច្ច ត្រូវខិតខំយកអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយដល់គាត់គ្រប់គ្នា, នេះជាគោលដៅធំរបស់រាជរដ្ឋាភិបាល ។

សម្តេចធិបតី ក៏បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះឈ្មោះក្នុងបញ្ជី ដើម្បីទទួលបានការលើកទឹកចិត្ត និងការគាំពារផ្សេងៗផងដែរ។ សម្តេច ថា ការចុះឈ្មោះក្នុងបញ្ជីរបស់ប្រជាពលរដ្ឋដែលប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរ គឺជាការលើកទឹកចិត្ត មិនមែនជាការបង្ខិតបង្ខំនោះឡើយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ការចូលរួមពីប្រជាពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធផ្សេងៗផងដែរ ។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានដាក់ចេញជាមួយចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយក្លាយទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ ភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ ព្រមទាំងការងារចិញ្ចឹមជីវិតនៅកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner