មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ កីឡាជាផ្នែកមួយចាំបាច់ក្នុងការលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត សម្រាប់មនុស្សគ្រប់រូប
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា (SPORT FOR ALL ) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈមន្ត្រីជាន់ខ្ពស់បំផុសផ្សព្វផ្សាយឲ្យមនុស្សគ្រប់វ័យចូលរួមហាត់ប្រាណ និងលេងកីឡា ដែលជាផ្នែកមួយចាំបាច់ និងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងជាផ្នែកមួយជួយដល់ការអភិវឌ្ឍសង្គមជាតិ។

ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២៣ សំដៅដល់ទស្សនវិជ្ជាទូលំទូលាយ ក្នុងការជំរុញលើកទឹកចិត្តឱ្យមនុស្សគ្រប់ភេទ គ្រប់វ័យចូលរួមក្នុងសកម្មកីឡា ដើម្បីទទួលបានសុខភាព និងសុខុមាលភាពល្អ។ «ការហាត់ប្រាណ និងលេងកីឡាជាផ្នែកមួយចាំបាច់ និងមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ដើម្បីលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត សមត្ថភាពសរីរាងកាយ និងជាផ្នែកមួយជួយដល់ការអភិវឌ្ឍសង្គមជាតិ»។

រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៅក្នុងបញ្ចកោណទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា ជំរុញចលនា “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត”។ កីឡាបានដើរតួយ៉ាងសំខាន់ នៅ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង សង្គម វប្បធម៌ ទាំងនៅក្នុងតំបន់ និងនៅ ក្នុង ពិភព លោ ក។ បច្ចុប្បន្នពិភពលោក បានទទួលស្គាល់ថា កីឡា គឺជាឧបករណ៍មួយដ៏សំខាន់ ដើម្បីទទួលបាន សុខភាពល្អ ភាពជោគជ័យក្នុងការងារ និងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពសុខដុមនីយកម្ម ។

ជាមួយគ្នានេះ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា ស្តីពីទិវាកីឡាសម្រាប់ទាំងអស់គ្នា ឆ្នាំ២០២៣នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ ដោយអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៣ របស់នាយកដ្ឋានអប់រំកាយ និងកីឡា និងការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានអប់រំកាយ និងកីឡា រៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាឆ្នាំ២០២ ៣ ក្នុងគោលបំណងផ្សព្វផ្សាយឱ្យ ប្រជាជន យល់ដឹង ពីសា រៈ ប្រយោជន៍ នៃការហាត់ប្រាណ និងលេងកីឡា ដើម្បីលើកកម្ពស់សុខភាព សុខុមាលភាព ភាពសប្បាយរីករាយ សាមគ្គីភាពរបស់ប្រជាជន និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ។

លោកប្រធាននាយកដ្ឋានបន្ថែមថា ការរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នាមាន ៤ប្រភេទកីឡា ដូចជា កីឡាទាញព្រ័ត្រ សីស្លាបខ្មែរ ហាត់ប្រាណតាមចង្វាក់ភ្លេង និងរត់ជាក្រុមចម្ងាយ ៥គីឡូម៉ែត្រ ។ សមាសភាពចូលរួម មានសិស្សានុសិស្សមកពីវិទ្យាល័យបាក់ទូក ២៥០នាក់, វិទ្យាល័យព្រះយុគន្ធរ ១៥០នាក់, មហាជននៅរាជធានីភ្នំពេញ ២២២នាក់ និងគណៈកម្មការ ៩០នាក់ សរុប ៧៧៦នាក់ ដែលបានចូលរួមលេងកីឡា និងប្រកួតប្រជែងប្រកបដោយទឹកមុខសប្បាយរីករាយផងដែរ ៕

ចាន់ វិចិត្រ