នាយឧត្តមសេនីយ៍ គន់ គីម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីរាជការតាមមន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ មូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍ ទូទាំងខេត្តចំនួន៥០០នាក់។
ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តបានជួបនូវគ្រោះមហន្តរាយ៣៦លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត១លើក ខ្យល់កន្ទ្រាក់២៩លើក និងរន្ទះបាញ់៦លើក ដែលបណ្តាលឱ្យស្លាប់មនុស្ស ៥នាក់ និងរបួស៦នាក់។ ជាមួយគ្នានោះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានរួមគ្នា ឆ្លេីយតប បានទាន់ពេលវេលា ដល់គ្រួសាររងគ្រោះ។
បន្ទាប់ពីនាំការផ្តាំផ្ញេីការសួរសុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីរួចមក ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយខេត្តព្រមទាំង និងមន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ទាំងកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និងឆ្លើយតបទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងរយៈពេល កន្លងមក ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូរត្រៀមសម្ភារ ត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេសដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមាន គ្រោះមហន្តរាយកើតមានជាយថាហេតុបញ្ហាសំខាន់គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលាជា ពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ចត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វេីការឆ្លេីយតបទៅតាមសភាពជាក់ស្តែង និងទាន់ពេលវេលា៕ធ.ដ