ពលទាហានពីរនាក់បាត់ខ្លួន ពេលជិះម៉ូតូឆ្លងប្រឡាយស្ពានអូរម៉ា ក្នុងតំបន់អូរអាឡៃ ហើយបាក់ស្រុតនំាយកពួកគាត់ទៅ (មានវីដេអូ)
ស្ទឹងត្រែង៖ រូបភាពវិឌីអូស្តែងៗ រយ:ពេល៣០វិនាទី ថតដោយបងប្អូនប្រជាពលរដ្ឋផ្តិតជាប់រូបភាពពលទាហសនពីរនាក់កំពុងជិះម៉ូតូឆ្លងស្ពានអូរមួយកន្លែង ហើយត្រូវបានបាក់ធ្លាក់ចូលក្នុងទឹកអូរ ។
ហេតុការណ៍នោះកើតឡើងនៅចំណុចស្ពានអូរម៉ា តំបន់អូរអាឡៃ ក្បែរព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង៨ព្រឹក ក្នុងថ្ងៃទី២៤កក្កដា ម្សិលមិញ ។
ពលទាហានពីរនាក់ ដែលបាត់ខ្លួនក្នុងហេតុការណ៍ បាក់ស្រុតស្ពានតូចឆ្លងអូរខាងលើនេះ ត្រូវបានគេប្រាប់ឲ្យដឹងថា៖ មានឈ្នោះ សុខ វណ្ណឌី មានស្រុកកំណើតនៅភូមិបី ឃុំមួយ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ និងម្នាក់ទៀតឈ្មោះ ភី នីដាលិ មានស្រុកកំណើតនៅភូមិពោធិ៍ ឃុំភ្នំ ក្នុងស្រុកអង្គរជ័យ ខេត្តកំពត ។
ដោយពលទាហានទាំងពីរនេះ មកបម្រើការងារនៅអង្គភាព កងអនុសេនាធំទី៣ វរសេនាតូចកាំភ្លើងធំ ចំណុះឲ្យយោធភូមិ ភាគទី១ នៃខេត្តស្ទឹងត្រែង (ប្រចាំការ នៅភូមិសាស្ត្រអូរអាឡៃ)។ ហើយនៅថ្ងៃកើតហេតុពលទាហានទាំងពីរនាក់ខាងលើបានធ្វើដំណើរឆ្លងកាត់ នៅចំណុចស្ពានអូរម៉ា ក្នុងភូមិសាស្ត្រអូរអាឡៃ ក្បែរព្រំដែនកម្ពុជា-ឡាវ ។
គួររម្លឹកថា នៅចំណុចកើតហេតុនោះ មានប្រជាពលរដ្ឋកំពុងឈរថតវីដេអូ និងបានហាមមិនឲ្យមានអ្នកដំណើរជិះម៉ូតូឆ្លងកាត់ ដោយសារតែមេឃធ្លាក់ភ្លៀង ហើយទឹកហូរនៅកន្លែងនោះ កំពុងជន់ជោរច្រោះដី ប្រឈមបាក់ដី និងស្ពាន។ ប្រជាពលរដ្ឋបានស្រែកប្រាប់ពលទាហាននោះ ឲ្យឈប់ម៉ូតូដែរ តែពួកគាត់មិនឮ។
សូមជម្រាបថា ករណីពលទាហានបាត់ខ្លួន ពេលជិះម៉ូតូឆ្លងអូរកាលពីព្រឹកម្សិលមិញ រហូតមកដល់ថ្ងៃទី២៥កក្កដានេះ គឺនៅមិនទាន់រកឃើញពលទាហាននោះនៅឡើយទេ រីឯការស្លាប់ ឬរស់ ក៏នៅមិនទាន់ដឹងច្បាស់នៅឡើយដែរ៕ធ.ដ
ដោយ:ម៉ាវិន