គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា មានតួលេខសរុបចំនួន៣៨៩៨នាក់
ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម លើកទី២ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកវិទ្យាវិស្វកម្ម នៃគណៈវិស្វករកម្ពុជា បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមវត្តមានឯកឧត្តម សួស គង់ រដ្ឋលេខាធិកាប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម ប្រាក់ មិន អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងមានការចូលរួមពីអគ្គលេខាធិការរង សមាជិក សមាជិការគណៈវិស្វករកម្ពុជា និងថ្នាក់ដឹកនាំ សមាជិក សមាជិការគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ដែលអញ្ជើញមកពីអន្តរក្រសួងជាច្រើនរូបទៀត។
ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការ សមាជិកអចិន្ត្រេយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា និងជាប្រធានគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ ការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា មានតួលេខសរុបចំនួន ៣៨៩៨នាក់ ក្នុងនោះមាន៖ វិស្វករដំបូង វិស្វករអាជីព វិស្វករបរទេស វិស្វករអាស៊ាន វិស្វករអាជីពឆ្នើមអាស៊ាន វិស្វករអាស៊ានវ័យក្មេង និងវិស្វករកិត្តិយសអាស៊ាន។
ព្រមជាមួយនេះ គណៈវិស្វករកម្ពុជា ក៏បានផ្សព្វផ្សាយពីសារប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា តាមបណ្ដាខេត្តមួយចំនួន ដើម្បីធ្វើឱ្យវិស្វករនៅទូទាំងប្រទេសមានការយល់អំពីគុណប្រយោជន៍ផ្ទាល់ខ្លួន ក៏ដូចជាផលប្រយោជន៍សង្គមជាតិទាំងមូល។ ឯកឧត្តមបានលើកឡើងពីការងារ និងទិសដៅដែលត្រូវអនុវត្តនៅពេលខាងមុខដូចជា ការលើកកម្ពស់ការអប់រំវិស្វកម្មវិកម្ពុជា និងសហការរៀបចំកម្មវិធីអប់រំវិស្វកម្មឱ្យមានកម្រិតស្តង់ដារមួយដែលអាចទទួលយកបាននៅគ្រឹះស្ថានបណ្ដុះបណ្ដាលវិស្វកម្មនៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា នៅក្រសួងអប់រំ យុវជន និងកីឡា គេបានបង្កើតគណៈកម្មាធិការទទួលស្គាល់គនភាពអប់រំរួចហើយ សម្រាប់ត្រួតពិនិត្យវាយតម្លៃកម្មវិធីសិក្សាទូទៅនៅតាមគ្រឹះស្ថានអប់រំទូទាំងប្រទេស។
ចំណែកការសិក្សាផ្នែកវិស្វកម្មវិញ វាជាបន្ទុករបស់គណៈវិស្វករកម្ពុជាដែលយើងត្រូវធ្វើនៅពេលខាងមុខ គឺត្រូវបង្កើតគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំវិស្វកម្មឱ្យចេញជាផ្លូវការ ដែលគណៈកម្មាធិការនេះ មាន ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ជាប្រធាន។ ឯកឧត្តម លឹម សុថាវ បញ្ជាក់ថា មុខជំនាញវិជ្ជាជីវៈវិស្វកម្ម គឺត្រូវការជាចាំបាច់ក្នុងការកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន និងប្រកួតប្រជែងទីផ្សារការងារវិស្វកម្ម ជាមួយវិស្វករបរទេស ដែលមកពីក្នុងតំបន់អាស៊ាន និងសាកលលោក នឹងងាយស្រួលក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្មដោយស្របច្បាប់ទាំងក្នុងជាតិ និងអន្តរជាតិ ក៏ដូចជាងាយស្រួលក្នុងការបម្លាស់ទីឆ្លងដែនទៅធ្វើការនៅក្រៅប្រទេស ប្រកបដោយកិត្តិយសថែមទៀត ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សួស គង់ មានប្រសាសន៍ថា អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ជាអង្គភាពប្រតិបត្តិរបស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដែលមានភារកិច្ចប្រមូលផ្ដុំគ្រប់គ្រងវិស្វករចុះបញ្ជីនៅទូទាំង ប្រទេសកម្ពុជា ធ្វើការបណ្ដុះបណ្ដាល បន្តបង្កើនសមត្ថភាពវិជ្ជាជីវៈវិស្វកម្ម ឲ្យមានកម្រិតស្តង់ដារ ចូលរួមថែរក្សា និងលើកស្ទួយអត្ដសញ្ញាណជាតិ នឹងត្រូវបានទទួលគោរមងារជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីព វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានចុះកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្ម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តម អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា ចាប់ផ្ដើមស្ដារ និងកសាងប្រទេសពីបាតដៃទទេ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិត្រូវ បនប្រល័យពូជសាសន៍ប៉ុលពត បំផ្លិចបំផ្លាញដល់ឫសគល់ តែដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេល ៤០ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងសង្គម និងសេដ្ឋកិច្ច។
សមិទ្ធផលទាំងនេះ មានខ្លះពាក់ព័ន្ធនឹងវិស័យជំនាញវិជ្ជាជីវៈវិស្វកម្មដូចជា ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគមនាគមន៍ ធារាសាស្ត្រ សំណង់ស៊ីវិល កសិកម្ម ឧស្សាហកម្ម ព័ត៌មានវិទ្យាជាដើម ដែលត្រូវពឹងផ្អែកលើវិស្វករដែលមានជំនាញច្បាស់លាស់ប្រកបដោយសីលធម៌វិជ្ជាជីវៈ ទើបជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិបាន ។ ដូច្នេះវិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្មទាំងអស់ ត្រូវចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានការបំពាក់បំប៉នបន្ថែម ក្នុងការបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈ បទពិសោធន៍ឲ្យកាន់តែប្រសើរឡើង ជាពិសេសគឺទទួលបានគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ ។
ឯកឧត្តម សួស គង់ ក៏បានផ្ដល់ជាអនុសាសន៍លើការងារនៃគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្មមួយចំនួនដូចជា៖
១/ការងារវាយតម្លៃលើវិស្វករអាជីព ត្រូវធ្វើបានគ្រប់ជ្រុងជ្រោយទៅតាមសមត្ថភាពពិតប្រាកដរបស់វិស្វករម្នាក់ៗ ព្រោះអនាគតវិស្វករទាំងនោះ ជាអ្នកទទួលខុសត្រូវខ្ពស់ ក្នុងការជួយកសាងប្រទេសជាតិរបស់ខ្លួន។
២/ការវាយតម្លៃបេក្ខជនវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ត្រូវធ្វើឲ្យបានត្រឹមត្រូវ ហ្មត់ចត់ទៅតាមស្តង់ដារ ពីព្រោះវិស្វករអាស៊ាន គឺត្រូវទទួលស្គាល់ដោយអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ទទួលស្គាល់ដោយរដ្ឋាភិបាល និងរដ្ឋាភិបាលអាស៊ាន ជាពិសេស ត្រូវប្រកួតប្រជែងទីផ្សារការងារវិស្វកម្មទាំងក្នុងជាតិ ក្នុងតំបន់អាស៊ាន និងសាកលលោកថែមទៀតនៅពេលអនាគត។
៣/គណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម ត្រូវសហការចូលរួមវាយតម្លៃជ្រើសរើសវិស្វករ ដែលត្រូវទទួលគោរមងារជាវិស្វករអាជីពជាតិ និងអន្តរជាតិ នៅពេលខាងមុខ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ក្នុងនាមក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ឯកឧត្តម សួស គង់ បានបង្ហាញជំនឿជឿជាក់ថា សមាជិកក្នុងសមាសភាពគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម នឹងអនុវត្តការងាររបស់ខ្លួនដោយរលូន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ទៅតាមជំនាញវិជ្ជាជីវៈវិស្វកម្មនីមួយៗ ៕ធ.ដ