អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រជុំបូកសរុបការងារគយ និងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០១៩
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងរបាយការណ៍បូកសរុបការងារគយ និងរដ្ឋាករ ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សម្រាប់ឆមាសទី១ ឆ្នាំ២០១៩ ចំណូលសរុបមានប្រមាណជាង៥.៩ ទ្រីលានរៀល (ប្រមាណ ១,៤៧៥ លានដុល្លារអាម៉េរិក) កើនឡើង ២៥.៥% (ប្រមាណ ៣០០លានដុល្លារអាម៉េរិក) ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ លទ្ធផលចំណូលនេះត្រូវប្រមាណជា ៦៥% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៩។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗដែលប្រមូលដោយគយមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ៣៣.៨%, អាករពិសេសកើន ៣១.១% និងអាករលើតម្លៃបន្ថែម (VAT)កើន ២៨.៦%។
គួរបញ្ជាក់ថា មុខទំនិញជាប្រភពចំណូល សំខាន់ៗរួមមាន៖ (១).យានយន្ត និងគ្រឿងចក្រគ្របដណ្តប់ប្រមាណជាង ៥២% នៃចំណូលសរុប, (២).ប្រេងឥន្ធនៈ និងថាមពលប្រមាណ ១៧.១% នៃចំណូលសរុប និង (៣).ទំនិញចម្រុះ និងគ្រឿងសំណង់មានប្រមាណ ២៩.៥% នៃចំណូលសរុប។ លទ្ធផល ដ៏ល្អប្រសើរនេះ គឺ បាន មកដោយសារ កម្ពុជា មាន ស្ថិរភាព នយោបាយ ការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ការពង្រឹងអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាពគយ និងការរីកចម្រើនផ្នែកសមត្ថភាពធនធាន មនុស្ស។
ទន្ទឹមនឹងការងារប្រមូលចំណូលចូលថវិកាជាតិបានលើសផែនការ អគរ ក៏បានសម្រេចនូវសមិទ្ធផលនានាផ្សេងទៀត ដូចជាការចូលរួមកសាង បទប្បញ្ញត្តិ និងគោលនយោបាយពាក់ព័ន្ធនឹងគយ ការធ្វើវិចារណកម្មអត្រាពន្ធគយ លើទំនិញមួយចំនួន ការពង្រឹងការងារបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ ការចូលរួមទប់ស្កាត់ការលាងសម្អាតប្រាក់ និងការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការចូលរួមអនុវត្តន៍វិធានការកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគយ ដូចជា ការអនុវត្តកម្រៃផ្លូវការនៃការផ្តល់សេវាសាធារណៈរបស់ អគរ ការកាត់បន្ថយកម្រៃស្កែន និងបរិមាណកុងតែន័រដែលត្រូវឆ្លងកាត់ការ ត្រួតពិនិត្យដោយម៉ាស៊ីនស្កែន ការផ្សព្វផ្សាយគោលនយោបាយលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យម (SMEs) និងការជំរុញយ៉ាងសកម្មការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ និងប្រព័ន្ធបញ្ជរតែមួយ អាស៊ាន ហើយបានដាក់ឲ្យអនុវត្តជំហានដំបូងនៃប្រព័ន្ធទាំងពីរនេះ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាដើម។
ក្នុងឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប ចំពោះលទ្ធផលប្រកបដោយសុទិដ្ឋិនិយម និងក្ដីរំពឹងខ្ពស់ និងបាន ណែនាំ សម្រាប់ជាទិសដៅអនុវត្តន៍បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់លើការងារមួយចំនួនរួមមាន៖
(១)ត្រូវបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយ និងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់ អភិក្រម ៤ប្រការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអភិក្រម៥ ប្រការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និង(២) ត្រូវបន្តអនុវត្តន៍វិធានការកែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលឱ្យសកម្ម ក្នុងនោះត្រូវអនុវត្តខ្លឹមសារប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ អគរ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព ត្រូវបញ្ចប់ឲ្យបានឆាប់ការកែសម្រួលអនុត្រឹត្យ២០៩ ជំរុញអនុវត្តន៍ប្រព័ន្ធបញ្ជរតែមួយជាតិឲ្យគ្របដណ្តប់ក្រសួងស្ថាប័នពាក់ព័ន្ធតាមការគ្រោងទុក តាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការស្កែនកុងតែន័រ យកចិត្តទុកដាក់អនុវត្ត និងបង្កើនការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងប្រកាសរបស់ កសហវ ពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកគយ សម្រាប់ SMEs ជាដើម។
លើសពីនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានរំលេចនូវចំណុចសំខាន់ៗមួយចំនួនដែល អគរ ត្រូវអនុវត្ត រួមមាន (១).ត្រូវបន្តជំរុញផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងបន្តលើកកម្ពស់ អនុលោមភាព វិស័យឯកជន (២).បន្តពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល (៣).ត្រូវរក្សាតុល្យភាពនៃការគ្រប់គ្រងរបស់គយ ក្នុងខណៈកិច្ចសម្រួលពាណិជ្ជកម្មកាន់តែទូលំទូលាយ (៤).បន្តពង្រឹងការងារបច្ចេកទេស ដូចជាការកំណត់តម្លៃគិតពន្ធគយ លេខកូដទំនិញ វិធានដើមកំណើតទំនិញ (៥).ជំរុញបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន (៦).អនុវត្តនូវយន្តការបំពេញបែបបទមុនពេលទំនិញមកដល់ (Pre-Arrival Processing) ដែលនឹងជួយសម្រួលបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធ សំដៅកាត់បន្ថយការកកស្ទះនៅមាត់ច្រកដើមទី ជាដើម (៧)បន្តការចូលរួមការកសាងច្បាប់ស្តីពីវិនិយោគនិងតំបន់សេដ្ឋកិច្ចពិសេស (៨).រៀបចំកសាង ផែនការសកម្មភាព សម្រាប់ឆ្នាំ២០២០ នៃការងារគយនិងរដ្ឋាករ ដោយឈរលើយុទ្ធសាស្រ្តកៀរគរចំណូល ២០១៩-២០២៣ ឱ្យបានមុនដំណាច់ឆ្នាំ២០១៩ (៩).ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានពាក់ព័ន្ធផ្សេងទៀត ក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើយន្តការចែករំលែកគ្នាទៅវិញទៅមកនូវទិន្នន័យស្ថិតិដោយស្វ័យប្រវត្តិតាម មធ្យោបាយ អេឡិចត្រូនិច (១០).បង្កើនការយកចិត្តទុកដាក់ការគ្រប់គ្រង ចរាចរណ៍រូបិយប័ណ្ណ ស្របតាម ផែនការយុទ្ធសាស្ត្រដើម្បី ដកកម្ពុជាចេញពីបញ្ជី ប្រផេះ និង (១១). សហការជាមួយ អគ្គនាយកដ្ឋាន គោលនយោបាយ ដើម្បីធ្វើការសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើការឈានទៅកាត់ បន្ថយការនាំចូលរថយន្តដែល មានអាយុកាល ប្រើប្រាស់ច្រើនឆ្នាំ។
ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានបំពាក់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ជូនដល់មន្ត្រីគយ និងរដ្ឋាករមានស្នាដៃមួយចំនួនផងដែរ៕ធ.ដ