មន្ត្រីអង្គការពលកម្មអន្តរជាតិ ILO សន្យាជួយផ្សព្វផ្សាយបន្តនូវព័ត៌មានស្តីពីកិច្ចប្រឹងប្រែង របស់កម្ពុជា ដើម្បីទាក់ទាញទំនុកចិត្ត និងលើកស្ទួយកិត្តិនាមឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង នៅក្នុងប្រទេសកម្ពុជា
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង តាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អសិទ្ធិការងារ ព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ជាដើម។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ នាយិកាកម្មវិធីការងារកាន់តែប្រសើរនៃអង្គការ ILO លោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃ២៤កក្កដាម្សិលមិញ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា BFC រយៈពេលបីឆ្នាំទៀត ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២។ លោកបានស្នើឲ្យអង្គការ ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅកំឡុងខែតុលាខាងមុខ។
លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី ហា ហ្វៀងហុង អំពីគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងកិច្ចសហប្រតិបត្តិការល្អ រវាង ILO-BFC ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបានស្នើសុំអង្គការ ILO ផ្ទេរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតអំពីវិធីសាស្រ្តវាយតម្លៃលក្ខខណ្ឌការងារ នៅតាមបណ្តារោងចក្រដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដឹកនាំការត្រួតពិនិត្យនៅក្នុងឆ្នាំបន្ទាប់។
ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានបកស្រាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង។ លោកស្រី ហា ហ្វៀងហុងក៏បានសន្យាជួយផ្សព្វផ្សាយបន្តនូវព័ត៌មាន ស្តីពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ដល់ក្រុមហ៊ុនវិនិយោគ និងមជ្ឈដ្ឋានអន្តរជាតិ ដើម្បីទាក់ទាញទំនុកចិត្ត និងចូលរួមលើកស្ទួយកិត្តិនាមឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង នៅក្នុងប្រទេសកម្ពុជា៕ធ.ដ