កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ត្រូវបានប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ជឿថា កម្ពុជានឹងជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក នាចុងឆ្នាំនេះ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និង កីឡា បានអនុញ្ញាតឲ្យលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកជួបសំណេះ សំណាលនៅទីស្ដីការក្រសួងអប់រំ និងបានជជែកអំពីការងារមួយចំនួន ជុំវិញការប្រកួតកីឡាប៉េតង់ជ្រើសរើស ជើងឯកពិភពលោក លើកទី១ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះនាខែវិច្ឆិកា។
ក្នុងឱកាសនោះដែរ លោក Claude Azema ជឿជាក់ថា កម្ពុជានឹងទទួលបានលទ្ធផលល្អក្នុងការធ្វើម្ចាស់ផ្ទះជើងឯកពិភពលោក ដែលទើបទទួលបានសិទ្ធិលើកដំបូងក៏ដោយ។ ការថ្លែងបែបនេះ ដោយសារលោកមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសហព័ន្ធកីឡាប៉េតង់កម្ពុជា បន្ទាប់ពីលោកបានធ្វើដំណើរមកកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេក ទេសនាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធកីឡាប៉េតង់ ពិភពលោកខាងលើ ដែលផ្ដល់សិទ្ធិធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកដល់កម្ពុជា និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ដោយចំណាយពេលវេលាដ៏មានតម្លៃ ធ្វើដំណើរទស្សនកិច្ចជាញឹកញាប់មកកម្ពុជា ពិសេសលោកបានបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសផ្ទាល់ ដល់អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីត្រៀមបំពេញភារកិច្ចក្នុងការប្រកួតជើងឯកពិភពលោកនាពេលឆាប់ៗខាងមុខទៀតផង។
គួរដឹងថា នេះគឺជាលើកទី៣ ហើយ ដែលលោក Claude Azema មកកម្ពុជា ក្រោយសហព័ន្ធកីឡាប៉េតង់ ពិភពលោក បានផ្ដល់សិទ្ធិឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០១៩ នាខែវិច្ឆិកាខាងមុខ។ ដំណើរទស្សនកិច្ចលើកនេះ ក្រៅពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកក៏នឹងបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស ពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដូចជាទីលានប្រកួត និងកន្លែងស្នាក់នៅ សម្រាប់ទទួលភ្ញៀវ ដែលត្រូវមកប្រកួតជើងឯកពិភពលោកកម្ពុជាផងដែរ៕ធ.ដ