ឯកឧត្តម ប៉ាន សូរស័ក្តិ ជម្រាបមន្ត្រីអង្គការ ILO អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីកិច្ចប្រែងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង តាមរយៈការគាំទ្រ និងបន្តសហការកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា របស់អង្គការពលកម្មអន្តរជាតិ (ILO-BFC) ការធ្វើវិសោធនកម្មច្បាប់សហជីព និងកែលម្អសិទ្ធិការងារ ព្រមទាំងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរជាដើម។
នៅក្នុងជំនួបដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយលោកស្រី ហា ហ្វៀងហុង (Ha Nguyen Hong) នាយកកម្មវិធី ការងារកាន់តែប្រសើរនៃអង្គការ ILO នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះកម្មវិធី BFC និងបានសន្យាជួយជំរុញរោងចក្រផលិតសម្ភារធ្វើដំណើរ ចូលរួមនៅក្នុងកម្មវិធីនេះឱ្យបានច្រើន។
ឯកឧត្តម សូរស័ក្តិ បានគូសបញ្ជាក់ថា «ក្រសួងពាណិជ្ជកម្ម បានទទួលការឯកភាពពីរាជរដ្ឋាភិបាល ដើម្បីបន្តអនុវត្តកម្មវិធី BFC រយៈពេលបីឆ្នាំទៀត (២០២០-២០២២) ដូច្នេះសូម ILO-BFC រៀបចំសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីត្រៀមចុះហត្ថលេខានៅអំឡុងខែតុលាខាងមុខ ហើយសូមធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនកិច្ចការនេះ»។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកស្រី ហា ហ្វៀងហុង អំពីគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ និងកិច្ចសហប្រតិបត្តិការល្អ រវាង ILO-BFC ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានស្នើសុំអង្គការ ILO ផ្ទេរចំណេះដឹង និងបទពិសោធន៍បន្ថែមទៀតអំពីវិធីសាស្រ្តវាយតម្លៃលក្ខខណ្ឌការងារ នៅតាមបណ្តារោងចក្រដល់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដឹកនាំការត្រួតពិនិត្យនៅក្នុងឆ្នាំបន្ទាប់។
ជាការឆ្លើយតប លោកស្រី ហា ហ្វៀងហុង បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានបកស្រាយអំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាននានារបស់រាជរដ្ឋាភិបាលកម្ពុជា និងតែងតែបានផ្តល់ការគាំទ្រដល់ ILO-BFC ដើម្បីចូលរួមពង្រឹងស្តង់ដារ និងលក្ខខណ្ឌការងារ សម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង៕ធ.ដ