បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ទុករថយន្តចោលរត់គេចខ្លួនបាត់
ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តតូយូតាព្រូសទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវបាក់អស់មួយកង់ រថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ កាលពីម៉ោង១១និង១០នាទីយប់ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៩ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ-5972ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើត ផ្លូវបែកជាបួនកែងនឹងផ្លូវ១៩៩ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹង បណ្តាលឲ្យផ្លូវបាក់អស់មួយកង់ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខខាងឆ្វេងទៅមុខលេងរួច។ភ្លាមៗនោះម្ចាស់រថយន្តឃើញសភាពមិនស្រួល បានទុករថយន្តចោលរួចគេចខ្លួនពីកន្លែងកើតហេតុបាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕