ឆក់ទូរសព្ទដៃបានសម្រេចពីខណ្ឌសែនសុខ មកត្រូវចាប់ខ្លួនបាននៅខណ្ឌដូនពេញ
ភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានជិះម៉ូតូរត់បណ្ដាលឲ្យដួល ហើយត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ក្រោយពីពួកគេធ្វើសកម្មភាព ឆក់ទូរសព្ទដៃពីបុរសម្នាក់ បានសម្រេច ហើយត្រូវបានជនរងគ្រោះជិះដេញតាម កាលពីម៉ោង៨ និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរវិហារចិនទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស បូណា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះ ឡោ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួល ចម្ការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រួមជាមួយម៉ូតូជិះធ្វើសកម្មភាពម៉ាក ហុកដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1L-8498។ ចំណែកជនរងគ្រោះមានឈ្មោះ កង វិបុល ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល មុខវិហារចិន ទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានបាត់បង់ទូរសព្ទមួយគ្រឿងម៉ាក អាហ្វូន សុីវែនផ្លិស។
តាមសម្ដីបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកផ្ទះ ពេលជិតដល់ផ្ទះ ត្រង់ចំណុចវិហារចិន ទឹកថ្លា ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់ ទូរសព្ទដៃរបស់គាត់បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែភ្លាមៗគាត់ក៏ជិះម៉ូតូដេញតាមស្រែកថាចោរៗរហូតមកដល់ផ្លូវR6(រ៉ារថភ្លើង) ធ្វើឲ្យជនសង្ស័យដួលម៉ូតូ ក៏មានប្រជាពលរដ្ឋជួយចាប់បានទើបសមត្ថកិច្ច នគរបាលប៉ុស្ដិ៍រដ្ឋបាលស្រះចក ចុះមកឃាត់ខ្លួនយកទៅសាកសួរ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យរួចរាល់ ទើបដឹងថា ករណីឆក់នេះកើតឡើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចក៏ទាក់ទងទៅសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលទឹកថ្លា ឲ្យមកទទួលជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ យកទៅបន្តតាមនីតិវិធី៕ ដោយ៖ ជីម ភារ៉ា