កុមារ​អ៊ុយក្រែនបួន ​នាក់​ដែលត្រូវ​បាន​ចាប់​ពង្រត់​ទៅ​រុស្ស៊ី​ អាចត្រឡប់​មក​អ៊ុយក្រែន​វិញ​បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​កាតា

កាតា៖កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលកាតាបានប្រកាសថា កុមារអ៊ុយក្រែនចំនួនបួននាក់ដែលត្រូវបានចាប់បំបែកចេញពីគ្រួសាររបស់ពួកគេ ហើយនាំយកទៅប្រទេសរុស្ស៊ី ត្រូវបានអនុញ្ញាតឱ្យវិលត្រលប់ជួបជុំគ្រួសាររបស់ពួកគេនៅអ៊ុយក្រែនវិញហើយ។រដ្ឋាភិបាលកាតាបានបញ្ជាក់ថា ខ្លួនបានដើរតួជាអ្នកសម្រុះសម្រួលក្នុងការចរចារវាងភាគីរុស្ស៊ី និងអ៊ុយក្រែន ឱ្យមានការអនុញ្ញាតឱ្យក្មេងទាំងបួន នាក់នោះត្រឡប់ទៅជួបជុំគ្រួសាររបស់ពួកគេវិញ។​

ក្រសួងការបរទេសរបស់ប្រទេសកាតាបានលើកឡើងថា ៖ «ប្រទេសកាតាបានបង្រួបបង្រួមកុមារអ៊ុយក្រែនចំនួនបួន នាក់ឱ្យជួបជុំគ្រួសាររបស់ពួកគេឡើងវិញ ហើយនេះគឺជាជោគជ័យដ៏សំខាន់មួយដើម្បីឈានទៅរកការនាំយកកុមាររាប់រ​យនាក់ផ្សេងទៀតដែលកំពុងនៅរុស្ស៊ី ត្រលប់មកអ៊ុយក្រែនវិញ»។ ដោយឡែក រដ្ឋាភិបាល​អ៊ុយក្រែន​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​នៅ​ឡើយ​ទេ។​

ការជម្លៀសកុមារទៅប្រទេសរុស្ស៊ីគឺជាបញ្ហាដ៏ធំ និងឈឺចាប់បំផុតមួយសម្រាប់អ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបានបើកការឈ្លានពានមកលើទឹកដីរបស់ខ្លួនកាលពីឆ្នាំមុន។ រដ្ឋាភិបាលអ៊ុយក្រែន ក៏ដូចជាឪពុកម្តាយ និងក្រុមការងារមនុស្សធម៌ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចរចាយកកុមារទាំងអស់នោះមកអ៊ុយក្រែនវិញ។​

យោងតាមរដ្ឋាភិបាលអ៊ុយក្រែនបានឱ្យដឹងថា កុមារអ៊ុយក្រែនជាង ១៦ ០០០ នាក់ត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី ឬទៅកាន់តំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី។ ភាគច្រើននៃកុមារទាំងនោះ ត្រូវបានគេហៅឱ្យទៅបោះជំរុំវិស្សមកាល ក្រោយមក ពួកគេមិនត្រូវបានបញ្ជូនត្រឡប់មកវិញនោះទេ។ ជួនកាល ឪពុកម្តាយត្រូវបានគេប្រាប់ថា កូនៗរបស់ពួកគេ​នឹងមានសុវត្ថិភាពជាងការរស់នៅលើទឹកដីអ៊ុយក្រែនដែលកំពុងផ្ទុះសង្គ្រាម។​

គួររំឭកថា កាលពីខែមីនា តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដោយចោទប្រកាន់ពីបទចាប់ពង្រត់កុមារអ៊ុយក្រែនរាប់ពាន់នាក់។ មិនត្រឹមតែប៉ុណ្ណោះ តុលាការក៏បានចេញដីកាចាប់ខ្លួនលោកស្រី ម៉ារា ឡ្វូវ៉ា បេឡូវ៉ា (Maria Lvova-Belova) ស្នងការរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ ដែ​ល​ជាអ្នកមើលការខុសត្រូវកុមារទាំងអស់ដែលត្រូវបានគេជម្លៀសទៅប្រទេសរុស្ស៊ី។​

ជាការកត់សម្គាល់ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​កាតា មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​​អំពី​ដំណើរការនៃការជួយសម្រុះសម្រួលរបស់ខ្លួននោះទេ។ ម៉្យាងវិញទៀត កាតាក៏មិន​បានប្រើប្រាស់ពាក្យពេចន៍​​រិះគន់​រុស្ស៊ីនោះដែរ ហើយ​ក៏​មិន​បាន​បកស្រាយលម្អិត​ថា​តើ​ក្មេងៗ​ទាំងបួននាក់នោះអាចវិលត្រឡប់វិញបានដោយរបៀប​ណា​នោះទេ។​

សេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ថា ៖ «កាតាគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អ៊ុយក្រែន និងរុស្ស៊ី ដើម្បីការពារសុខុមាលភាពរបស់កុមារដែលរងផលប៉ះពាល់ដោយសង្គ្រាមដែលកំពុងបន្តកើតមាន។ កាតាមា​នការយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការលើកកម្ពស់សន្តិភាព»។​

អ្នកការទូតម្នាក់បានរៀបរាប់សង្ខេបអំពីដំណើរការនេះថា កាតាបានឆ្លើយតបទៅនឹងសំណើរបស់អ៊ុយក្រែនឱ្យចូលរួមជួយជុំវិញបញ្ហានេះ ហើយកុមារផ្សេងទៀតនឹងអាចត្រលប់មកអ៊ុយក្រែនវិញជាបន្តបន្ទាប់។ អ្នកការទូតដដែលបាននិយាយថា «កុមារដែលមានអាយុពី ២ ទៅ ១៧ ឆ្នាំ នឹងត្រូវបានបញ្ជូនមកវិញដោយមានការយល់ព្រមពីក្រុមគ្រួសាររុស្ស៊ីដែលពួកគេរស់នៅជាមួយ»។​

អ្នកការទូតរូបនេះបានអះអាងថា កុមារម្នាក់ក្នុងចំណោមកុមារទាំងបួននាក់នោះ មានអាយុ ២ ឆ្នាំ មកពីតំបន់ ហ្ស៊ីតូមី (Zhytomyr) ភាគខាងជើងអ៊ុយក្រែន ហើយបានបែកគ្នាពីម្តាយនៅមុនពេលចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ី។ ក្មេងម្នាក់នេះបានជួបជុំជាមួយម្តាយនៅប្រទេសរុស្ស៊ី ហើយនឹងធ្វើដំណើរទៅអ៊ុយក្រែននាពេលឆាប់ៗនេះ។ យ៉ាងណាក៏ដោយ អ្នកការទូតរូបនេះមិន​បាន​បញ្ជាក់​ថាតើ​អ្នក​ទាំង​ពីរបាន​បែកបាក់​គ្នា​នៅ​ទីកន្លែងណា និងដោយរបៀបណា​នោះ​ទេ។ គួរបញ្ជាក់ថា ក្រុមគ្រួសារ​អ៊ុយក្រែន​ជា​ច្រើន​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​កូនៗ​របស់​ពួក​គេ​បន្ទាប់ពី​ត្រូវ​បាន​គេ​ជម្លៀសយកទៅនោះទេ។​

គេមិនច្បាស់នោះទេថាតើកាតានឹងដើរតួជាអ្នកសម្រុះសម្រួលជម្លោះនេះបន្តទៀត ឬក៏យ៉ាងណា ប៉ុន្តែថ្មីៗនេះរុស្ស៊ីបានស្នើឱ្យប្រទេសកាតាធ្វើជាទីតាំងឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលកំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន។យ៉ាងណាមិញ សំណើនេះនៅមិនទាន់ត្រូវបានទទួលយកដោយប្រទេសកាតានោះទេ៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ The New York Times Four Ukrainian Children Abducted to Russia Return Home After Qatar Intervention

ads banner