គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពីការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ នៅរដ្ឋសភា

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ នៅរដ្ឋសភា និងការបញ្ជាក់តាមឋានានុក្រម និងបញ្ជូនមក គ.ជ.ប និងការកែតម្រូវបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម មាន សទិ សមាជិក គ.ជ.ប បានមានប្រសាសន៍ថា ការចុះឈ្មោះអ្នកបោះឆ្នោតនៅឃុំ សង្កាត់ និងនៅរដ្ឋសភា ត្រូវចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្តទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់នោះទេ តែនៅពេលបញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងទីប្រជុំជនមួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ប្ដឹងតវ៉ា ឬប្ដឹងជំទាស់ដែលត្រូវអនុវត្តចាប់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅក្រុមប្រឹក្សាធម្មនុញ្ញ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ មណ្ឌលបោះឆ្នោត ត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ដែលមានអាសនៈសរុបចំនួន ៥៨ (បន្ថែម សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។ បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវបានរៀបចំនៅតាមរាជធានី ខេត្តនីមួយៗរួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រនៃរាជធានី ខេត្តនីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗនៃមណ្ឌលទាំង៨ នៅទូទាំងប្រទេស។ ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជីឈ្មោះដោយឡែកពីគ្នា ទៅតាមអង្គបោះឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

ឯកឧត្តម មាន សទិ បានបន្តទៀតថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែងរួចអគ្គលេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាងរាស្ត្រក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្តនីមួយៗ។ ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូនបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាពពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន។ ប្រភពដដែលបានបញ្ជាក់ថា ការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់អង្គបោះឆ្នោតតំណាងរាស្ត្រ និងការិយាល័យចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោត គឺជាការិយាល័យដែលស្ថិតនៅមួយកន្លែង ដូចជា៖
-ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់តំណាងរាស្ត្រក្នុងតំណែង ត្រូវមានទីតាំងនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា
-ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ត្រូវមានទីតាំងនៅសាលាឃុំ សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ សង្កាត់។

គ.ជ.ប ត្រូវណែនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា លធ.ខប និងក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យផ្សព្វផ្សាយជាសាធារណៈអំពីរយៈពេល និងកាលបរិច្ឆេទ ព្រមទាំងប្រតិទិនសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតនៃអង្គបោះឆ្នោតនីមួយៗ ក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនពេលចាប់ផ្ដើម។ បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងក្របខណ្ឌរាជធានី ខេត្ត នៃភូមិភាគនីមួយៗត្រូវបានរៀបចំតាមអក្ខរក្រមនៃឈ្មោះតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងរាជធានី ខេត្តនីមួយៗ។

សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ ដែលមានការបញ្ជាក់ទទួលស្គាល់ដោយ គ.ជ.ប និងលធ.ខប មានលទ្ធភាពសង្កេតការណ៍ ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត។ ឯកឧត្តមបានបន្តទៀតថា ក្នុងការរៀបចំបញ្ជីបោះឆ្នោត អគ្គលេខាធិការដ្ឋានរដ្ឋសភាត្រូវមានវត្តមាននៅការិយាល័យចុះឈ្មោះបោះឆ្នោត នៅអំឡុងពេលចុះឈ្មោះបោះឆ្នោត ដែលមានទីតាំងនៅក្នុងរដ្ឋសភា ហើយប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជាមេឃុំ ចៅសង្កាត់ ត្រូវមានវត្តមាននៅការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលចុះឈ្មោះបោះឆ្នោតដែលមានទីតាំងនៅក្នុងសាលាឃុំ សង្កាត់។

អគ្គលេខាធិការរដ្ឋសភាត្រូវចុះហត្ថលេខា និងបោះត្រាអគ្គលេខាធិការដ្ឋានរដ្ឋសភា និងកាលបរិច្ឆេទលើបញ្ជីឈ្មោះតំណាងរាស្ត្រក្នុងតំណែង តាមមណ្ឌលរាជធានី ខេត្តនីមួយៗ ហើយដាក់ស្នើសុំឯកភាពពីប្រធានរដ្ឋសភា រួចផ្ញើជូនមក គ.ជ.ប នូវច្បាប់ដើម ១ច្បាប់ ច្បាប់ចម្លង ១ច្បាប់ និងរក្សាទុកជាឯកសារ ១ច្បាប់។ ក្នុងករណីមានការផ្លាស់ប្ដូរតំណាងរាស្ត្រក្នុងតំណែង អគ្គលេខាធិការរដ្ឋសភា ត្រូវលើកសំណើ ដោយមានការបញ្ជាក់ឯកភាពតាមលំដាប់ឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីឈ្មោះបោះឆ្នោតយ៉ាងតិច ២ថ្ងៃ មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំចៅ សង្កាត់ ត្រូវថតចម្លងបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងមុខតំណែងបង្គ្រប់ចំនួន៥ច្បាប់ រួចចុះហត្ថលេខាកាលបរិច្ឆេទ និងបោះត្រារដ្ឋបាលឃុំ សង្កាត់ ហើយចាត់ចែងបញ្ជូនមក គ.ជ.ប ដែលក្នុងនោះត្រូវរក្សាទុកជាឯកសារ ១ច្បាប់ និងផ្ញើ ៤ច្បាប់ ដើម្បីស្នើសុំការបញ្ជាក់ឯកភាពតាមលំដាប់ឋានានុក្រមពីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈ-អភិបាលរាជធានី ខេត្ត។ ក្នុងករណីមានការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវលើកសំណើដោយមានការបញ្ជាក់ឯកភាពតាមឋានានុក្រមមក គ.ជ.ប ដើម្បីសុំកែតម្រូវបញ្ជីបោះឆ្នោតយ៉ាងតិច ២ថ្ងៃ មុនថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង៕
ដោយ៖ពលជ័យ
រូបភាព៖គ.ជ.ប

ads banner