ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សានៅសាលាបាយ ជំនាន់ទី១៧ ឆ្នាំសិក្សា២០១៨-២០១៩
សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ពិធីបិទវគ្គបណ្តុះបណ្តាល និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សានៅសាលាបាយ ជំនាន់ទី១៧ ឆ្នាំសិក្សា២០១៨-២០១៩ ស្តិតនៅក្នុងបរិវេណសាលាបាយ ក្នុងក្រុងសៀមរាប។ ក្រោមអធិបតីភាពឯកកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ប៉ាក់ សុខុម រដ្ឋលេខាធិការ តំណាងឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ភួង វិសិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតាសិក្ខាកាមជាច្រើននាក់បានចូលរួមផងដរ។
ឯកកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្តែងនូវការអបអរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះលទ្ធផលដ៏ធំធេងរបស់ប្អូនៗ សិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្រ ដែលបញ្ជាក់ពីសម្បទាវិជ្ជាជីវៈផ្នែកសណ្ឋាគារ និងភោជនីយដ្ឋានប្រកបដោយជោគជ័យនេះ។ ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់លោកនាយកសាលាបាយ លោកគ្រូ-អ្នកគ្រូ ដើម្បីផ្ទេរទេពកោសល្យ និងបទពិសោធន៍ល្អៗទៅឱ្យសិក្ខាកាមរបស់ខ្លួនឱ្យទទួលបាននូវចំណេះដឹង ក្នុងក្របខណ្ឌបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម ដែលធ្វើឱ្យបងប្អូនមានជំនាញវិជ្ជាជីវៈផ្សេងៗគ្នា តាមចំណង់ចំណូលចិត្ត និងឧបនិស្ស័យរបស់ខ្លួន ដើម្បីយកទៅប្រកបរបរចិញ្ចឹមជិវិត និងជួយទ្រទ្រង់ជីវភាពគ្រួសារ សង្គមជាតិ ជាពិសេសលើកកម្ពស់គុណភាពសេវាកម្មផ្នែកទេសចរណ៍ នៅក្នុងខេត្តសៀមរាបឱ្យកាន់តែល្អប្រសើរជាងមុន។ ឯកឧត្តម បានបន្តថា វាជាការពិតណាស់ សាលាបាយនេះចាប់តាំងពីការបង្កើតរហូតមកដល់បច្ចុប្បនេះ ដែលមានរយៈពេល១៧ឆ្នាំហើយ ដែលសាលាបាយបានដើរតួនាទីយ៉ាងសំខាន់ ប្រកបដោយសក្តានុពល ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដោយឡែកគឺការបង្កើនធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ដែលជាតម្រូវការចំាបាច់សម្រាប់ខេត្តសៀមរាប។ សាលាបាយបានធ្វើការបណ្តុះបណ្តាលឯកទេស ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដល់សិក្ខាកាម ដែលជាពលរដ្ឋខ្មែរបានជាច្រើននាក់មកហើយ ឱ្យមានសមត្ថភាព និងលទ្ធភាពគ្របគ្រាន់ក្នុងការស្វែងរកការងារ ស្របតាមតម្រូវការរីកចម្រើនដ៏ខ្លាំងក្លា នៃទីផ្សារការងារទេសចរណ៍របស់ខេត្ត ដែលទាមទារឱ្យមានធនធានមនុស្សប្រកបដោយគុណភាព សមស្រប សម្រាប់ទ្រទ្រង់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព ហើយដែលកំពុងមានសន្ទុះ និងមានទំហំយ៉ាងធំធេងតទៅថ្ងៃអនាគត់។ ក្នុងបេសកកម្មរបស់សាលាបាយ នៅតែជាយន្តការដ៏មានសក្តានុពលនៅខេត្តសៀមរាប ក៏ដូចជាប្រកបដោយអាទិភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ក្នុងក្របខណ្ឌ នៃការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងដើម្បីកំណើនការងារ សមធម៌ ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅកម្ពុជាជាបណ្តើរៗ។
សូមបញ្ជាក់ថា ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រដល់ប្អូនៗ សិក្ខាកាម នាពេលនេះ គឺជាឱកាសថ្មីមួយ សម្រាប់ជួយប្អូនៗ ដែលទទួលជ័យលាភីទាំងអស់ ឱ្យមានលទ្ធភាពយ៉ាងប្រសើរ ក្នុងការស្វែងរកឱកាសការងារល្អៗ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ តែទោះបីយ៉ាងណាប្អូនៗ ត្រូវតែខិតខំហ្វឹកហ្វឺនរៀនសូត្របន្ថែមទៀត លើមុខវិជ្ជាជំនាញ និងចំណេះដឹងទូទៅនានា ដើម្បីឱ្យទាន់ការវិវត្តន៍របស់សង្គម ក្នុងគោល-ការណ៍របស់ខ្លួន ដោយត្រូវមាន វិន័យសេចក្តីថ្នៃថ្នូរឱ្យបានត្រឹមត្រូវ និងបន្តសាមគ្គីភាពយ៉ាងប្រពៃក្នុងគ្រប់មជ្ឈដ្ឋានរស់នៅ ដោយធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋដ៏គំរូសម្រាប់សង្គមជាតិយើង៕ ដោយ ស៊ាន សុផាត