អ្នកប្រដាល់គុនខ្មែរ រហ័សនាមហនុមានដែនសមុទ្រ ធន់ និត និយាយថា ឲ្យតែយើងខិតខំហ្វឹកហាត់ និងមានសមត្ថភាព ប្រាក់ ចំណូល ទទួលបានពីការប្រកួតអាចជួយក្រុមគ្រួសារបានធូធា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ អ្នកប្រដាល់គុនខ្មែរវ័យក្មេងដែលមានប្រភពចេញពីខេត្ត កោះកុង ត្រូវបានអ្នកគាំទ្រគុនខ្មែរ ដាក់រហ័សនាមឲ្យថា ហនុមានដែនសមុទ្រ កីឡាករ ធន់ ផានិត បានបញ្ជាក់ថា បច្ចុប្បន្ននេះរូបគាត់អាចរកចំណូលបានពីការឡើងសង្វៀនគុនខ្មែរប្រកួតជាមួយកីឡាករអន្តរជាតិមិនក្រោមពី៨០០ដុល្លារឡើយក្នុងរយៈពេលមួយខែៗ។

ធន់ ផានិតថា កក្តាដែលជំរុញឲ្យខ្លួនរបស់គាត់អាចឡើងពីតម្លៃខ្លួន ១៥ម៉ឺនរៀលក្នុងមួយប្រកួតឡើងមកដល់តម្លៃខ្លួន៤០០ដុល្លារក្នុងមួយប្រកួតដូចបច្ចុប្បន្ននេះ ដោយសារតែការខិតខំហ្វឹកហាត់ដើម្បីពង្រឹងសមត្ថភាព និងស្តាប់ការណែនាំរបស់គ្រូបង្វឹកហាត់ដោយការគោរពវិន័យ។

កីឡាករវ័យ២១ឆ្នាំរូបនេះ បានបង្ហើបទៀតថា បច្ចុប្បន្ននេះ ប្រាក់ចំណូលដែលគេអាចរកបានពីប្រដាល់គុនខ្មែរតាមរយៈការឡើងសង្វៀនអាចជួយផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងជួយដល់គ្រួសារមួយចំនួនថែមទៀតផង។

ជាមួយគា្ននេះដែរ ធន់ ផានិត បានប្តេជ្ញាចិត្តខ្ពស់ថា នឹងបន្តខិតខំហ្វឹកហាត់ពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យកាន់តែខ្លាំងជាងនេះទៀត ដើម្បីក្លាយជាកីឡាករគុនខ្មែរលំដាប់អេ ដោយវាយជាមួយគូប្រកួតក្នុងតម្លៃខ្លួនខ្ពស់ដូចកីឡាកររួមច្បងដែលកំពង់ល្បីឈ្មោះនាពេលបច្ចុប្បន្ន។

ទន្ទឹមគ្នានេះ ហនុមានដែន សុមុទ្រ ធន់ ផានិត បានដាក់គោលដៅនឹងឈោងចាប់យកទីផ្សារប្រកួតនៅក្រៅប្រទេសទៀត ដើម្បីនាំយកគុនខ្មែរផ្សព្វផ្សាយនៅអន្តរជាតិ ជាការរួមចំណែកលើកស្ទួយគុនខ្មែរ។

គួររំលឹកថា ហនុមានដែន សមុទ្រ ធន់ ផានិត បានចូលហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរ កងយោពលខេមរភូមិន្ទបង្ហាត់ដោយ លោក គ្រូ ធន់ សុភាព ក្នុងឆ្នាំ២០១៩ ចាប់ផ្តើមពីតម្លៃខ្លួន១៥ម៉ឺនរៀលក្នុងប្រកួត ហើយក្នុងឆ្នាំ២០២១ តម្លៃខ្លួនផានិតបានឡើងដល់ ៣០០ដុល្លារនិងបន្តឡើងជាបន្តបន្ទាប់រហូតដល់៤០០ដុល្លារក្នុងមួយប្រកួតត្រឹមឆ្នាំ២០២៣នេះ។

តាមរយៈការខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ផា និតជឿជាក់ថា ក្នុងរយៈពេលមិនយូទៀតទេ គាត់អភិវឌ្ឍខ្លួនក្លាយជាកីឡាករលំដាប់អេនៅកម្ពុជា ប្រកួតក្នុងតម្លៃខ្លួនខ្ពស់ នឹងសំបូទីផ្សារប្រកួត។ កីឡាករ ធន់ ផានិត មានស្រុកកំណើត នៅឃុំ អណ្តូងទឹក ស្រុក បុទំសាគរ ខេត្ត កោះកុង ឱពុកម្តាយប្រកបមុខរបរជាអ្នកនេសាទ ៕

រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner