អ្នកសារព័ត៌មានមកបណ្តាប្រទេសផ្សេងៗ ជាច្រើនរយនាក់ចូលរួមកម្មវិធីគម្រប់ខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង
ភ្នំពេញ៖អ្នកសារព័ត៌មានមកពីបណ្តាប្រទេសអាស៊ាន អាហ្រិ្វក អាមេរិកឡាទីន និងអាស៊ីកណ្តាល បានចូលរួមកម្មវិធីគម្រប់ខួប១០ឆ្នាំនៃការបង្កើតឡើង គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលដាក់ចេញដោយរដ្ឋាភិបាលចិន ដែលបាននិងកំពុងប្រព្រឹត្តឡើងនាទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិនដោយមានការចូលរួមពីប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាផងដែរ។
អ្នកសារព័ត៌មានទាំងនេះសុទ្ធសឹងតែជាអតីតសិក្ខាកាមដែលមកសិក្សានៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០២២កន្លងទៅ ដែលពួកគេត្រូវបានអញ្ជើញឱ្យចូលរួមពីមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិនដែលហៅជាភាសាអង់គ្លេសថា (China International Press Communication Center)។

លោក យូ ឡី (Yu Lei) នាយកមជ្ឈមណ្ឌលទំនាក់ទំនងសារព័ត៌មានអន្តរជាតិចិន បានលើកឡើងកាលពីថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ថា អ្នកសារព័ត៌មានទាំងអស់នេះជាអតីតសិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន អាហ្រ្វិក អាមេរិកឡាទីន ដែលទទួលបានការបណ្តុះបណ្តាលវគ្គខ្លីៗក្នុងឆ្នាំសិក្សាឆ្នាំ២០២២កន្លងទៅ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនាទីក្រុងប៉េកាំងពេលនេះ។
លោកមានប្រសាសន៍ថា ៖ «និស្សិតទាំងអស់នេះដែលក៏ជាអ្នកសារព័ត៌មានផងដែរនោះ ក៏ត្រូវបានអញ្ជើញឱ្យចូលរួមស្តាប់ការថ្លែងសុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានាធិបតីចិន ក្នុងកម្មវិធីគម្រប់ខួបគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ និងដំណើរទស្សនកិច្ចទៅបណ្តាខេត្តមួយចំនួនផងដែរ»។
ចំណែកលោក ត្រីសស្ទាន ណាដាឡូ (Tristan Nodalo) ជាអ្នកសារព័ត៌មានមកពីស្ថាប័នស៊ីអិនអិន (CNN)ប្រចាំប្រទេសហ្វីលីពីន និងជាជាអតីតសិក្ខាកាមក្រោមវគ្គបណ្តុះបណ្តាលកាលពីឆ្នាំ២០២២ បានប្រាប់ឱ្យដឹងដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានអនុញ្ញាតឱ្យមកចូលរួមកម្មវិធីរំលឹកខួប១០ឆ្នាំនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយ នាពេលនេះ ក្នុងនាមជាអតីតសិស្សដែលធ្លាប់បានសិក្សានៅទីនេះកាលពីឆ្នាំមុនផងដែរ។

លោកបានបន្តថា ការអញ្ជើញឱ្យចូលរួមកម្មវិធីដ៏វិសេសវិសាលមួយនេះ សិក្ខាកាមទាំងអស់អាចសិក្សា និងសរសេរអត្ថបទល្អៗស្តីអំពីគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ និងអត្ថប្រយោជន៍នៃបណ្តាប្រទេសសមាជិកពីគោលនយោបាយគំនិតផ្តួចផ្តើមនេះ ដើម្បីផ្សព្វផ្សាយទៅអ្នកអានក្នុងប្រទេសរបស់គេបានផងដែរ៕ ដោយ៖វង្ស ដារាវ៉ាឌី