មន្ទីរពាណាជ្ជកម្មខេត្តរតនគិរី រៀបចំការដាក់តាំងបង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ ដែលមានសក្តានុពលក្នុង ខេត្តរតនគិរី
រតនគិរី :ការដាក់តាំងបង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ ដែលមាន សក្តានុពលក្នុងខេត្ត ត្រូវបានមន្ទីរពាណិជ្ជកម្មខេត្តរតនគិរីសហការជាមួយអគ្គនាយកដ្ឋាន ជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានប្រារព្ធបើកនៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៩ នៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ទី អគ្គនាយក នៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម និងលោកជំទាវ ញ្ញាណ ទិត្យចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ។
លោក ខៀវ ថា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានអោយដឹងថា ការដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរ ដែលមានសក្តានុពលនាពេលនេះ នឹង ដំណើរការទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ ២៦ ខែ កក្កដា ឆ្នាំ ២០១៩ ។ លោកបន្តថា មន្ទីរបានប្រឹក្សាជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរ ឧស្សាហកម្ម និងមន្ទីរសិប្បកម្ម ជ្រើសរើសផលិតផលសំខាន់ៗតាមសហគមន៍ និង អង្គការដៃគូនានានៅក្នុងខេត្តមកដាក់តាំងបង្ហាញរួមមាន៖ផលិតផលគ្រឿងវត្ថុអនុស្សាវរីយ៍ ផលិតផល ស្រា ទឹកឃ្មុំ បន្លែធម្មជាតិ ទឹកបរិសុទ្ធ ម្រេច ផ្លែស្រកានាគ កសិផលគ្រប់ប្រភេទ ស្រាពាង ទឹកត្រី ទឹកស៊ីអីុវ ទឹកម្ទេស និងបន្លែផ្លែឈើចម្រុះ ។
លោកជំទាវ ញ្ញាណ ទិត្យចិន្តា អភិបាលរងខេត្ត មានប្រសាសន៍ថា ព្រឹត្តិការណ៍នៃការ បង្ហាញផ្សព្វផ្សាយ និងប្រឹក្សាយោបល់ លើលផលិតផលសំខាន់ៗក្នុងខេត្តរតនគិរីនាពេល នេះ មានគោលបំណងជម្រុញសកម្មភាពពាណិជ្ជកម្ម បង្កើតឳកាសទីផ្សារ បង្ហាញពី បរិយាកាសធុរៈកិច្ចល្អប្រសើរ និងសក្តានុពលខ្អស់ ក្នុងការវិនិយោគ ព្រមទាំងបង្ហាញអំពី ឆន្ទៈ និងគោលនយោបាយនានា ជាពិសេសការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋា ភិបាលចំពោះវិស័យឯកជន ទាំងការគាំពារការវិនិយោគ និងធុរៈកិច្ច ។ ហើយព្រឹត្តិការណ៍ ពាណិជ្ជកម្មនេះក៏នឹងចូលរួមចំណែកបន្ថែមដល់ ការពង្រឹងសមត្ថភាព ប្រគួតប្រជែង ការបង្កើតផលិតភាព បង្កើនតម្លៃបន្ថែមលើលផលិតផល ក្នុងការពង្រឹងគុណភាពផលិត ផល និងសេវា បង្កើតឳកាសការងារថ្មីៗ ដែលកត្តានេះនិងជួយបង្កើនប្រាក់ចំនូលជូនប្រជា ពលរដ្ឋ ជួយទប់ស្កាត់ការធ្វើចំណាកស្រុកដែលមានហានិភ័យ និងការរួមចំណែកដល់ការ កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ ។
មានប្រសាសន៍បើក ការដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើ ផលិតផលខ្មែរ ដែលមានសក្តានុពលក្នុងខេត្ត ឯកឧត្តម អ៊ុក ទី បានលើកឡើងថា ព្រឹត្តិ ការណ៍ពាណិជ្ជកម្មនេះ និងផ្តល់ជូនប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ ម្ចាស់សហគ្រាស អោយបានយល់ដឹងកាន់តែច្បាស់ថែមទៀតពិសារៈប្រយោជន៍នៃការវិចខ្ចប់ ការថែរក្សា គុណភាព និងអនាម័យ នៃផលិតផលប្រើប្រាស់ដែលផលិតក្នុងខេត្តរតនគិរី ព្រមទាំងមាន មន្រ្តីជំនាញសម្រាប់ជួយប្រឹក្សាយោបល់អំពីការរៀបចំ ដាក់បាកូតទំនិញ ការចុះបញ្ជី ការការពារម៉ាកសញ្ញា ក្នុងទិសដៅដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួន និងកាត់ បន្ថយការទិញផលិតផលបរទេស ម៉្យាងទៀតក៏ដើម្បីកត់ត្រាប្រមូលផ្តុំផលិតផលដែលមាន សក្តានុពលក្នុងខេត្តនេះសម្រាប់នាំទៅចូលរួមក្នុងព្រឹត្តិការណ៍ពិពណ៍ធំៗផងដែរ៕ដោយគតិ យុត្ត