មហាសេដ្ឋីអេឡុន ម៉ាស ពិចារណាដកបណ្តាញសង្គម X ចេញពីអឺរ៉ុបដោយសារបញ្ហាច្បាប់ថ្មី

អាមេរិក៖មហាសេដ្ឋីបច្ចេកវិទ្យា លោក អេឡុន ម៉ាស (Elon Musk) និងជាម្ចាស់បណ្តាញសង្គមយក្ស អ៊ិច ( X )ដែលបានប្តូរ​ឈ្មោះ​មកពី ធ្វីតធឺរ(Twitter) កំពុងពិចារណាគ្រោងដកកម្មវិធីដែលខ្លួនទើបនឹងទិញបានចេញពីអឺរ៉ុប ជាការ​ឆ្លើយ​តប​ទៅនឹង​បទប្បញ្ញត្តិអ៊ីនធឺណិតថ្មីដែលទ្វីបអឺរ៉ុបបានកំណត់។ នេះបើយោងទៅតាមគេហទំព័រព័ត៌មាន Insider រាយការណ៍​កាលពីថ្ងៃពុធ។

បើតាម​មនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុន X បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក Elon Musk បានពិភាក្សា​រួចហើយ​អំពីការដកកម្មវិធីនេះចេញពីក្នុងតំបន់ ឬរារាំងអ្នក​ប្រើប្រាស់ដែល​មានទីតាំង​នៅក្នុង​សហភាពអឺរ៉ុបមិនឱ្យចូលប្រើប្រាស់វាបាន។

សហភាពអឺរ៉ុប កាលពីខែសីហា បានអនុម័តច្បាប់សេវាកម្មឌីជីថល (DSA) ដែលកំណត់​ច្បាប់​​សម្រាប់​ការទប់ស្កាត់ការរីករាលដាលនៃមាតិកាដែលអាចបង្កគ្រោះថ្នាក់ មាតិកាដែលត្រូវបានហាមឃាត់ ឬ អាចកំណត់​គោលដៅ​​អ្នកប្រើប្រាស់ជាក់លាក់ បូករួមជាមួយនឹងច្បាប់​​អំពីការចែករំលែក​ទិន្នន័យ​ផ្ទៃក្នុង​មួយចំនួន​ជាមួយ​និយតករ និងអ្នកស្រាវជ្រាវដែលពាក់ព័ន្ធផ្សេងៗទៀត។

មកទល់ពេលនេះ អ្នកតំណាង ឬភាគីក្រុមហ៊ុន X មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​​សម្រាប់​ការ​អត្ថាធិប្បាយពីសំណាក់សារព័ត៌មានណាមួយនោះ​ទេ។

គួរជម្រាបថា កាលពីសប្តាហ៍មុន​សហភាពអឺរ៉ុប ក៏បានប្រកាសដែរថាខ្លួនកំពុងស៊ើបអង្កេតលើកម្មវិធី X ដោយសារការ​ល្មើសច្បាប់​បច្ចេកវិទ្យាថ្មី​រ​បស់ខ្លួន ជុំវិញការគ្រប់គ្រង​ព័ត៌​មានក្លែង​ក្លាយមិនបាន​ល្អទាក់​ទិន​ទៅ​នឹងការវាយប្រហារ​របស់ក្រុម​ហាម៉ាសទៅលើអ៊ីស្រាអែល។

ចំណែកឯ និយ័តករអូស្ត្រាលីវិញបានពិន័យកម្មវិធីបណ្តាញសង្គម​ X នេះចំនួន ៦១០,៥០០ ដុល្លារ​អូស្ត្រាលី (៣៨៦,០០០ ដុល្លារអាមេរិក) សម្រាប់ការខកខាន​ក្នុងការ​សហការ​ជាមួយនឹង​ការ​ស៊ើបអង្កេត​លើ​ការ​អនុវត្តគោលការណ៍ប្រឆាំង នឹងការរំលោភ​បំពាន​លើកុមារ ដោយ​ក្រុមហ៊ុន​នេះ​នៅតែ​ព្យាយាម​រក្សា​ពាណិជ្ជកម្មមួយចំនួនបើទោះ​បីជាវាបង្ក​ផល​ប៉ះពាល់​ដល់កុមារក្តី៕

ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភពព័ត៌មាន៖

https://www.reuters.com/technology/musk-considers-removing-x-platform-europe-over-eu-law-insider-2023-10-18/

ads banner