រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនំាមន្ត្រីប្រតិភូក្រសួង ជិះកង់ត្រួតពិនិត្យ ស្ថានភាពគុណភាព និងលក្ខណៈបច្ចេកទេស ការសាងសង់ កំណាត់ផ្លូវជាតិលេខ៧

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពគុណភាព និងលក្ខណៈបច្ចេកទេស នៃការសាងសង់ កំណាត់ផ្លូវជាតិលេខ៧ ដោយមានការចូលរួម ពីតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ។

ផ្លូវនេះមានប្រវែងសរុប ចំនួន៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែង ចំនួន២៧៥,៥៦០គីឡូម៉ែត្រ ត្រូវបានជួសជុល ធ្វើឲ្យប្រសើរឡើងវិញ ចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរជាតិ សរុបចំនួន៦៩,៨២លានដុល្លារអាមេរិក ។

ចាប់ពីបង្គោលគីឡូម៉ែត្រ លេខ១៣៦-៣០០ ជាគម្រោង RAMP II ក្រោមហិរញ្ញប្បទាន ពីធនាគារពិភពលោក ក្នុងទឹកប្រាក់ចំនួន៣៦,៤៥លានដុល្លារអាមេរិក និងចាប់ពីបង្គោលគីឡូម៉ែត្រ លេខ៣៣២,១២៥ -៤២៤,៦៩០ ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ក្នុងទឹកប្រាក់ចំនួន ៣៣,៣៧លានដុល្លារអាមេរិក ។

ក្នុងដំណើរចុះពិនិត្យមើល ស្ថានភាពគុណភាពផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជិះកង់នៅខេត្តត្បូងឃ្មុំ ឋិតនៅបង្គោលគីឡូម៉ែត្រលេខ១៧៦-១៦៦ ក្នុងចម្ងាយផ្លូវ១០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧ ដើម្បីពិនិត្យគុណភាព និងស្ថានភាពផ្លូវ ឋិតក្រោមគម្រោង RAMP II ដែលកំពុងដំណើរការ ស្ថាបនាឡើងវិញ ដោយពង្រីកពី៧ម៉ែត្រ ទៅ១១ម៉ែត្រ ក្រាលបេតុងកៅស៊ូ១០ម៉ែត្រ ។

ក្នុងឱកាសនោះ ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រុមហ៊ុនបរទេសទាំងឡាយដែលកំពុងសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាននៅកម្ពុជា នឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅមិនឱ្យចូលរួមដេញថ្លៃសាងសង់ផ្លូវ ស្ពាន នៅកម្ពុជាទៀតនោះឡើយ បើរកឃើញថា ក្រុមហ៊ុនលួចបន្លំគុណភាពលើការសាងសង់។

ឯ,ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែប្រកាសជំហរមិនទទួលយកផ្លូវសាងសង់គ្មានគុណភាពនោះ បានបញ្ជាក់ទៀតថា «យើងពិនិត្យមើលថា តើគាត់ (ក្រុមហ៊ុន) ខុសលក្ខណៈបច្ចេកទេស ឬគាត់កេងប្រវ័ញ្ច។ បែងចែកកំហុសហ្នឹងឱ្យច្បាស់ ចាក់ ៥ហ៊ុន តែចាក់តែ៤ហ៊ុន ឧទាហរណ៍នេះជាការលួចហើយ។ អានេះអាចឈានទៅដល់ការដាក់ក្នុងបញ្ជីខ្មៅមិនឱ្យដេញថ្លៃ បើគ្មានចេតនាលួច ប៉ុន្តែខូចលក្ខណៈបច្ចេកទេសអ៊ីចឹងយើងអាចពិភាក្សាគ្នាបាន។ ហើយពិនិត្យទៀតបើគាត់ចេះតែខុសហើយ ខុសទៀត អាហ្នឹងគួរពិចារណាពេលដាក់ដេញថ្លៃយើងប្រាប់កុំឱ្យក្រុមហ៊ុនហ្នឹងចូលរួមដេញថ្លៃបន្តទៅទៀត»។
សូមបញ្ជាក់ថា ផ្លូវជាតិនៅកម្ពុជាទាំងអស់ភាគច្រើនទទួលបានកម្ចី និងជំនួយពីប្រទេសជាមិត្ត និងអង្គការអភិវឌ្ឍន៍ជាដៃគូ។ រាល់ផ្លូវជាតិដែលទទួលបានកម្ចី និងជំនួយសាងសង់ពីប្រទេសជាមិត្ត និងអង្គការអភិវឌ្ឍន៍ជាដៃគូនោះ រាល់នីតិវិធីនៃការជ្រើសរើសក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យគុណភាព ត្រូវធ្វើឡើងដោយប្រទេស ឬអង្គការដៃគូអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយ ឬកម្ចីនោះផ្ទាល់តែម្តង។ ដោយឡែកភាគីរាជរដ្ឋាភិបាល បានត្រឹមសម្របសម្រួល និងត្រួតពិនិត្យមើលលើលក្ខណៈបច្ចេកទេស និងគុណភាពប៉ុណ្ណោះ៕

គួរជម្រាបថា យុទ្ធនាការជិះកង់នេះ ធ្លាប់ត្រូវបានធ្វើជាច្រើនលើកមកហើយ ដើម្បីពិនិត្យឲ្យឃើញជាក់ស្តែង នូវផ្លូវមានជង្ហុកសំបុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ។ សកម្មភាពនេះ គឺជាគំរូសម្រាប់មន្ត្រីអនុវត្តគម្រោង និងថ្នាក់ដឹកនាំត្រូវមានការយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យគុណភាពផងដែរ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner