ក្រសួងកិច្ចការនារី ដាក់ចេញគោលការណ៍អាទិភាពចំនួនប្រាំ ដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងសុខុមាលភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួង​កិច្ច​ការ​នារីបាន​ដាក់​ចេញ​គោល​ការណ៍​អាទិភាពចំនួន​ប្រាំដោយផ្តោត​​លើ​ការ​ធ្វើ​បដិវត្តន៍​កម្ម​យេនឌ័រ តាមរយៈការ​គាំ​ពារ​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ក៏ដូចជា​លើក​កម្ពស់​សុខុមាល​ភាព​ស្ត្រី​ ខណៈ​​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ( UNDP) ប្តេជ្ញានឹង​ស្វែង​រក​លទ្ធភាព​គាំ​ទ្រ ដើម្បី​ឱ្យគោ​លការណ៍​អាទិភាព​ទាំង​នោះ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​។

គោល​ការណ៍​អាទិភាព​ទាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារ ក្នុងន័យ​បន្ត​កិច្ច​សហប្រ​តិបត្តិការក្នុង​អាណត្តិ​ថ្មី​នេះ​រវាង លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការ​នារី ជាមួយលោក​ស្រី អាលីហ្សា ឆាកឺ (Alissar Chaker) ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជា​ជាតិ (UNDP) ប្រចាំ​កម្ពុជាកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។

ប្រភពក្រសួងកិច្ចការនារីបានឱ្យដឹងថា នៅក្នុងជំនួបនោះលោកជំទាវ អ៊ឹង កន្ថាផាវី  បានបញ្ជាក់ជូនភ្ញៀវថា ក្រសួង​កំពុង​រៀប​ចំ​ផែនការ​នារី​រតនៈ​ទី​៦ ដែល​ក្នុង​ផែនការ​នេះ​មាន​អាទិភាព​ប្រាំផ្តោត​លើ​ការ​ធ្វើ​បដិវត្តន៍​កម្ម​យេនឌ័រ ។ក្នុង​នោះ ​អាទិភាព​ទី​១.​គឺ​ការ​ផ្តល់​ភាព​អង់​អាច​ស្ត្រី ទៅ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថល។ អាទិភាពទី​២.​គិត​គូរ​អំពី​សុខុមាល​ភាព សេដ្ឋកិច្ច​បៃតង ជា​អភិបាល​កិច្ច​ដែល​មាន​បរិយាបន្ន ។អាទិភាពទី​ ​៣. ការ​គាំ​ពារ​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ ។​អាទិភាព​ទី៤. ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ទី​៥.​ ការ​លើក​កម្ពស់​សុខុមាល​ភាព​ស្ត្រី​។

ចំណែកលោកស្រី អាលីហ្សា ឆាកឺ ក៏​បាន​បង្ហាញ​នូវ​ក្រប​ខ័ណ្ឌ​ផែន​ការ​​សហ​​ប្រតិបត្តិ​ការ​​​ថ្មី​របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រយៈ​ពេល​៥​ឆ្នាំ សម្រាប់​ប្រចាំ​ប្រទេស​កម្ពុជា ដែល​ក្នុង​នោះ​ទាក់​ទង​ទៅ​នឹង​យេនឌ័រ​ផ្ដោត​ទៅ​លើកា​រ​គាំ​ពារ​ដោះ​ស្រាយ​គម្លាត​យេនឌ័រ ក្នុង​ផ្នែក​ឌី​ជី​ថល ការ​ដោះ​ស្រាយ​សេដ្ឋកិច្ច​ ដែល​គិត​គូរ​ពី​សុខុមាល​ភាព ការ​ងារ​ស្ត្រី​ក្នុង​ការ​ប្រែ​ប្រួលអា​កាស​ធាតុ ស្ត្រី​ក្នុង​សហគ្រិ​ន​ភាព​ផង​ដែរ​។

ប្រភពដដែលបញ្ជាក់​ថា​ បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ឃើញ​ថា ការ​ងារ​អាទិភាព​នៃ​ភាគី​ទាំង​ពីរ គឺ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា។ ក្នុង​ន័យ​នេះ យូអិនឌីភី ប្ដេជ្ញា​ថា នឹង​ស្វែង​រក​លទ្ធភាព​ដើម្បី​ជួយ​​គាំ​ទ្រ​ដល់​ការ​ងារ​អទិភាព​ទាំង​៥ របស់​ក្រសួង​កិច្ច​ការ​នារី​ឱ្យ​កាន់​តែ​មាន​ភាព​មុត​ស្រួច​និង​មាន​ភាព​ពេញ​លេញ​»​។

ទាក់​ទង​រឿង​នេះ លោកស្រី អេង ចាន់ឌី នាយិកា​​អង្គការ​​យេន​ឌ័រ និង​​អភិវឌ្ឍន៍​​ដើម្បី​​កម្ពុជា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា គោល​ការណ៍​​អាទិភាព​ទាំង​នេះ គឺ​វា​មាន​ភាព​ស៊ី​​ចង្វាក់​គ្នា​ជា​មួយ​គោល​នយោបាយ​ជាតិ ស្ដី​ពី​ការ​លើក​កម្ពស់​សិទ្ធ​អំណាច​របស់​ស្ត្រី ក៏​ដូច​ជា​ផែនការ​ជាតិ​ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី ដែល​ក្រសួង​កិច្ច​ការ​នារី​បាន​ដាក់​ចេញ​នេះ ដើម្បី​ធ្វើ​ឱ្យ​យូអិនឌីភី បន្ត​ចាប់​ដៃ​គូ​គ្នា​ក្នុង​ការ​អនុវត្ត​គោល​ការណ៍​អាទិភាព​ទាំង​នេះ​។

យោងតាមសមិទ្ធផលការងាររបស់ក្រសួងកិច្ចការនារីរយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០១៨-២០២២ បានបង្ហាញថា ស្រ្ដី​រង​គ្រោះ​ដោយ​​អំពើ​ហិង្សា​ទាក់​ទង​យេន​ឌ័រ មាន​ចំនួន ២.៥៦៣ ​ករណី បាន​ទទួល​សេវា​ប្រឹក្សា​យោបល់ ផ្នែក​ច្បាប់ ផ្លូវ​ចិត្ត អន្តរា​គមន៍ និង​តាម​ដាន​ការ​ប្រកាស​សាល​ក្រម ដោយ​ផ្ទាល់ និង​តាម​
រយៈ​អន​ឡាញ ផ្ដល់​ដោយ​​ក្រសួង​កិច្ច​ការ​នារី និង​អង្គ​ការ​ដៃ​គូ​៕

ដោយ៖ ជា សុខនី

ads banner