រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដាក់ចេញសសរស្តម្ភ ២ ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែប្រសើរក្នុងរយៈពេល៥ឆ្នាំខាងមុខ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា ក្រសួងបានកំណត់ទិសដៅកំណែទម្រង់វិស័យយុត្តិធម៌រយៈពេល ៥ឆ្នាំ ខាងមុខ ជុំវិញអាទិភាពសសរស្តម្ភ ២ ។ក្នុងនោះ ទី១ ការខិតខំកែទម្រង់ប្រព័ន្ធតុលាការ និងទី២ ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលអាណត្តិទី៧។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់លោក រស់ សារាំ ជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជំនួសលោក ស៊ិន វិរៈ ដែលត្រូវបានផ្ទេរភារកិច្ចទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺវិញនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នាខេត្តកំពង់ធំ។នេះបើតាមប្រភពក្រសួងយុត្តិធម៌ ។

ឯកឧត្តម កើត រិទ្ធ បញ្ជាក់ថា នៅក្នុងសសរស្តម្ភទី១ នេះ ក្រសួងនឹងខិតខំកែប្រែប្រព័ន្ធតុលាការ រៀបចំយន្តការថ្មីក្នុងការកែប្រែយន្តការដោះស្រាយវិវាទនៅកម្ពុជា ។ជាពិសេសការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈកិច្ចសម្រុះសម្រួលនិងផ្សះផ្សារគ្នា ។ ចំណែកសសរស្តម្ភទី២ គឺធ្វើយ៉ាងណាបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជំរុញ និងពន្លឿនសំណុំរឿងក្តីកកស្ទះនៅតាមតុលារការ ព្រមទាំងពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីលើកម្ពស់តម្លាភាព ភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ឯកឧត្តមសង្កត់ធ្ងន់ថា៖«ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាការងារអាទិភាព និងបានរៀបចំការងារកែទម្រង់នេះជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»។ ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិថ្មី លើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្រសួងយុត្តិធម៌ក៏បានរៀបចំយុទ្ធនាការសំខាន់ៗ រួមមាន យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាកា និងយុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ជុំវិញរឿងនេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី​១៩ ខែតុលា បានប្រាប់ថា ក្រសួងប្រើសសរស្តម្ភ២ គឺកំណែទម្រង់ក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការដែលសំដៅដល់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។កំណែទម្រង់ក្នុងប្រព័ន្ធតុលាការមានគោលដៅពង្រឹងសេវាយុត្តិធម៌ និងគុណភាពនៃការសម្រេចសេចក្តី។ ចំណែកកំណែទម្រង់ក្រៅប្រព័ន្ធតុលាការវិញ រដ្ឋាភិបាលនឹងដាក់ចេញអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅពេលខាងមុខនេះ។

ឯកឧត្តម ជិន ម៉ាលីន ថ្លែងថា៖«សម្រាប់សសរស្តម្ភទី១ យើងមានយុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ។ចំណែកសសរស្តម្ភទី២ យើងមានយុទ្ធនាការ២ គឺ ការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ»៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner