មន្រ្តីជំនាញ អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាយកចិត្តទុកដាក់លើការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្រ្តីនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានអំពាវនាវ ក៏ដូចជាណែនាំឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់មានការយកចិត្តទុកដាក់លើការងារប្រយុទ្ធនឹងជំងឺអេដស៍ និងបញ្ហាគ្រឿងញៀន។
មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តស្ទឹងត្រែងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣បានរៀបចំសិក្ខាសាលាស្តីពី ការចូលរួមបញ្ចប់ជំងឺអេដស៍នៅកម្ពុជាឆ្នាំ២០២៥ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ ចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍» ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរនេះ ចំនួនប្រាំ រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តក្រចេះ ព្រមទាំងសាខាប្រតិបត្តិករផងដែរ។
ប្រភពហ្វេសប៊ុកក្រសួងប្រៃសណីយ៍បានបញ្ជាក់ថា ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា សិក្ខាសាលានេះជាការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធ បង្កើនការគាំទ្រចូលរួមបញ្ចប់អេដស៍ឱ្យបាននៅឆ្នាំ២០២៥។ការចូលរួមទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ សំដៅឆ្លើយតបតាមផែនការ និងទិសដៅក្នុងការទប់ស្កាត់ការឆ្លងជំងឺអេដស៍និងការប្រើប្រាស់គ្រឿងញៀនរបស់រាជរដ្ឋាភិបាលផងដែរ។
ឯកឧត្តមមានប្រសាសន៍ថា ៖ «សិក្ខាកាមដែលបានចូលរួមនាពេលនេះ គឺជាសកម្មជន ជាចលករ ចូលរួមបញ្ចប់ជំងឺអេដស៍ និងទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចរាចរណ៍គ្រឿងញៀន ក្នុងការត្រួតពិនិត្យ និងរឹតបន្តឹងការទទួលកញ្ចប់បញ្ញើ ដែលក្រុមហ៊ុនរបស់ខ្លួនកំពុងតែបម្រើសេវាលើបញ្ញើប្រៃសណីយ៍ផងដែរ»។
ដោយឡែក យោងតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃដដែល លោក ថោង សុគន្ធា អគ្គលេខាធិការរនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានលើកឡើងដែរថា អ្នកប្រើគ្រឿងញៀនដោយចាក់គ្រឿងញៀននៅតែជាក្រុមគោលដៅប្រឈមខ្ពស់នឹងមេរោគអេដស៍ ជំងឺអេដស៍។ លោក ថោង សុគន្ធា ថ្លែងដូចនេះក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី ៦(២០២៤-២០២៨)។
សូមបញ្ជាក់ផងដែរថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាសប្តាហ៍មុន បានចេញគោលការណ៍ណែនាំ សម្រាប់ចាត់តាំងអនុវត្តការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងប្រទេស៕
ដោយ៖ នាង សុគន្ធា

