កម្ពុជាហ្វឹកហាត់បោសសំអាតចម្ការមីនតាមកម្មវិធីថ្មី
កម្ពុជាបង្កើនវគ្គបណ្តុះបណ្តាលបោសសំអាតចម្ការមីនក្នុងមហិច្ឆិតាសម្រេចគោលដៅការបំបាត់ចោលឲ្យអស់ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០២៥។ វគ្គបណ្តុះបណ្តាលបោសសំអាតចម្ការមីន បានប្រារព្ធធ្វើក្នុងខេត្ត បាត់ដំបងនាថ្ងៃទី២៤កក្កដានេះ ដែលវគ្គហ្វឹកហ្វឺនបានផ្តោតលើការប្រើប្រាស់របៀបថ្មីនៃកម្មវិធី Survey 123 ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ Tablet Online ។ វគ្គហ្វឹកហ្វឺននោះ បានអញ្ជើញចូលរួមបណ្តុះបណ្តាលដោយ អង្គការជំនួយរបស់ប្រជាជនណ័រវេ ហៅកាត់ថា NPA ។ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់របស់អង្គការ NPA លោក ហ្វេស មហាម៉ាត់ ប៉ាកទៀន បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងកសាងសមត្ថភាព នៅកម្ពុជា ដែលលោកបានចាត់ទុកថាជាគម្រោងមួយទទួលបាននូវប្រសិទ្ធភាពខ្ពស់ ក្នុងចំណោមគម្រោង ទាំងអស់ដែលអង្គការរបស់លោកធ្លាប់បានជួយនៅទូទាំងពិភពលោក។
វគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យផ្ទៃដីចម្ការមីនបានបោសសម្អាតរួច ជាមួយនឹងកម្មវិធីថ្មីនេះ បានហ្វឹកហាត់ដល់ ក្រុមផែនការសកម្មភាពកំចាត់មីនខេត្តចំនួន១៨ រួមមានបន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង ឧត្តរមានជ័យ ព្រះ វិហារ សៀមរាប ពោធ៍សាត់ កំពង់ធំ កោះកុង រតនគិរី ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង ក្រចេះ ស្ទឹង ត្រែង កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជានឹងត្រូវកំចាត់អោយ អស់នូវគ្រោះគំរាមកំហែង ដោយគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលសេសសល់ពីអតីតកាលសង្គ្រាមស៊ីវិល នោះ ។