សេវាសាធារណៈគឺជាកិច្ចការរួមរបស់យើងទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋ
កណ្តាល៖ ឯកឧត្ដម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជំរុញដល់រដ្ឋបាលខេត្តកណ្តាល ផ្តល់សេវាសាធារណៈប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្តបានជូនដល់ប្រជាពលរដ្ឋអោយបានលឿនបន្ថែមទៀត ដើម្បីសម្រេចអោយបាននូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធី គោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាលកម្ពុជា។ ពលរដ្ឋក្នុងមូលដ្ឋានខេត្តកណ្តាលរីករាយចំពោះសេវាសាធារណៈ ដែលរដ្ឋបាលទូទាំងខេត្តកណ្តាលផ្តល់ជូនពួកគាត់ កិច្ចការរួមគ្នាដើម្បីប្រជាពលរដ្ឋ គឺជាទិសដៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។ការចង្អុលបង្ហាញ ដោយរំឭកពីចំណុចជាយុទ្ធសាស្ត្រនេះ ធ្វើឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ ” ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ” ប្រចាំខែតុលា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត ស្នងការខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម ផ្ដាំផ្ញើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បន្ថែម ក្នុងការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់និងការបង្ក្រាបបទល្មើស គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសគ្រប់ប្រភេទគ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សា និងគ្មានក្មេងទំនើង ហើយយកចិត្តទុកដាក់ ដោះស្រាយវិវាទនៅថ្នាក់មូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព និងត្រូវមានអនាម័យសោភ័ណ្ឌភាព និងបរិស្ថានល្អ ឆ្លើយតបបានទាន់ពេលចំពោះគ្រោះមហន្តរាយ ជំងឺឆ្លងផ្សេងៗក្នុងភូមិសាស្រ្តខេត្តកណ្ដាល។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ទីរជុំវិញខេត្ត អាជ្ញាធរទាំង ១៣ក្រុង-ស្រុក និងគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវរៀបចំពិធីប្រណាំងទូកនៅក្រុងតាខ្មៅ ដោយត្រូវសហការគ្នាឱ្យបានល្អ ទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពបរិស្ថានអនាម័យ និងធ្វើការងារជំនាញ យកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ស្តង់ពិព័ណ៍ ទំនិញ ការបាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្ត ដើម្បីសុខសុវត្ថិភាព និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ។
ខេត្តកណ្តាលឆ្នាំនេះ នឹងរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក នាពេលខាងមុខ។ សៀវភៅគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ត្រូវបានឯកឧត្តម គណៈអធិបតី ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយ និងអនុវត្ត៕






