មនុស្សរាប់ម៉ឺននាក់ចូលរួមដង្ហែក្បួន នៅអង់គ្លេស ដើម្បីគាំទ្រប៉ាឡេស្ទីន
ឡុងដ៍៖ ហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើដំណើរតាមដងផ្លូវ ក្នុងទីក្រុងឡុងដ៍ ដើម្បីអំពាវនាវឱ្យបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា និងបញ្ចេញសំឡេងគាំទ្រដល់ប៉ាឡេស្ទីន។
សកម្មភាពបាតុកម្មក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសនេះបានធ្វើឡើង បន្ទាប់ពីរយៈពេលប្រមាណពីរសប្តាហ៍ នៃការវាយប្រហារបង្ហូរឈាមរបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល ដែលបានជំរុញឱ្យមានការវាយប្រហារសងសឹកវិញ។
បាតុករម្នាក់ ឈ្មោះ នីរ៉ាន់ និយាយថា «ពួកយើងនៅទីនេះ ជាសំឡេងសម្រាប់ក្មេងស្លូតត្រង់ ដែលត្រូវបានសម្លាប់ដោយអយុត្តិធម៌ នៅក្នុងគុកដ៏ធំបំផុតក្នុងពិភពលោក គឺហ្គាហ្សា»។
សមាជិកនៃក្រុមសង្គមនិយមជ្វីហ្វ លោក David Rosenberg និយាយថា វាមានសារៈសំខាន់សម្រាប់ប្រជាជនជ្វីហ្វ ក្នុងការចូលរួម «ផ្តល់សាមគ្គីភាព ដើម្បីបង្អាក់ការនិទានរឿង ដែលនិយាយថា (វាជាមូស្លីម) ធៀបនឹងជនជាតិយូដា (ឬ) (វាជាប៉ាឡេស្ទីន) ធៀបនឹងជនជាតិអ៊ីស្រាអែល»។
ក្រុមបាតុករថែមទាំងបានអះអាងពីការស្លាប់កុមារជាច្រើននាក់ ក្នុងជម្លោះប្រដាប់អាវុធនេះ ហើយពួកគេបានស្រែកពាក្យថា «សូមដោះលែងប៉ាឡេស្ទីន» និង លើកបដា «សូមបញ្ឈប់អំពើប្រល័យពូជសាសន៍» ជាដើម។
គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ មកលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១៤០០ នាក់មក អ៊ីស្រាអែលបានបើកការបំផ្លិចបំផ្លាញតាមអាកាស និងទម្លាក់គ្រាប់បែកលើដីនៅតំបន់ហ្គាហ្សា។ អាជ្ញាធរហាម៉ាស់និយាយថា មនុស្ស៤.៣៨៥នាក់បានស្លាប់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

