ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យ បញ្ចប់ «សុបិន្តដ៏សែនអាក្រក់» នៅក្នុងតំបន់ហ្គាហ្សា

គែរ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមាន «សកម្មភាពដើម្បីបញ្ចប់សុបិន្ត ដ៏សែនអាក្រក់» នៅក្នុងតំបន់ហ្គាហ្សា ជាការអំពាវនាវ អំឡុងកិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិ នៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។

នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដែលផ្តោតលើ បទឈប់បាញ់ និងមនុស្សធម៌ ជុំវិញសង្គ្រាមអ៊ីស្រាអែល-ក្រុមភេរវករហាម៉ាស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានទាមទារឱ្យ ចាត់វិធានការដើម្បីបញ្ចប់ នូវអ្វីដែលលោកហៅថា «សុបិន្ត ដ៏សែនអាក្រក់នេះ»។

ថ្លែងទៅកាន់កិច្ចប្រជុំកំពូលដើម្បីសន្តិភាព ខណៈដែលជម្លោះបានឈានចូលដល់សប្តាហ៍ទី ៣ នោះ លោក Guterres បាននិយាយថា ប្រជាជនប៉ាឡេស្ទីនប្រមាណ ២លាន៤សែននាក់កំពុងរស់នៅ ក្នុង«គ្រោះមហន្តរាយ មនុស្សធម៌» ស្របពេលដែលមនុស្សរាប់ពាន់នាក់បានស្លាប់ និងជាងមួយលាននាក់បានផ្លាស់ទីលំនៅ ខណៈដែលគោលដៅវាយប្រហាររបស់អ៊ីស្រាអែល គឺនៅ Gaza Strip ។

លោក Guterres បានប្រាប់កិច្ចប្រជុំ ដែលមានវត្តមានចូលរួម ពីសំណាក់មេដឹកនាំនៃប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ ហ្ស៊កដានី និងអេមីរ៉ាត់ អារ៉ាប់រួម ក៏ដូចជា ប្រទេសអ៊ីតាលី និងអេស្បាញ និងប៉ាឡេស្ទីនថា «យើងជួបគ្នា នៅក្នុងបេះដូងនៃតំបន់ ដែលកំពុងតែវិលវល់ក្នុងការឈឺចាប់ និងមួយជំហាន ពីជ្រោះ» ។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស់ មកលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់មនុស្ស ១៤០០ នាក់មក អ៊ីស្រាអែលបានបើកការបំផ្លិចបំផ្លាញតាមអាកាស និងទម្លាក់គ្រាប់បែកលើដី នៅតំបន់ហ្គាហ្សា។ អាជ្ញាធរហាម៉ាស់និយាយថា មនុស្ស៤.៣៨៥នាក់បានស្លាប់ អំឡុងការវាយប្រហារបស់អ៊ីស្រាអែល៕ ប្រភពពី The Times Of Israel ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner