កាកបាទក្រហមកម្ពុជា ចែកអំណោយមនុស្សធម៌ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើបសម្រាលកូនរួច ១២៥គ្រួសារ នៅខេត្តតាកែវ
(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ។
ឯកឧត្តម អ៊ូច ភា បានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី “ជំងឺអេដស៍ ស្វាយ និងកាមរោគអាហារូបត្ថម្ភការថែទាំ សុខភាពបឋមនិងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក” ដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់ឥតទីពឹង និងស្ត្រីទើប សម្រាលកូនរួច ចំនួន ១២៥គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅមន្ទីរពេទ្យបង្អែកអង្គរបូរី ខេត្តតាកែវ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ចំពោះអ្នកជំងឺអេដស៍ ហើយត្រូវស្វែងរកអ្នកជំងឺអេដស៍ដទៃទៀត ឱ្យស្ម័គ្រចិត្តទៅធ្វើតេស្តឈាម និង ទទួលថ្នាំប្រឆាំងមេរោគអេដស៍ ដោយមិនត្រូវអៀនខ្មាស់អ្វីឡើយ ។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានជម្រាបជូនថា ៖ “ការជួបជុំជាមួយបងប្អូននាថ្ងៃនេះ គឺជា ឱកាសមួយឈានឆ្ពោះទៅការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងជាឱកាសពង្រីកការអប់រំផ្សព្វផ្សាយ ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺអេដស៍ ក្នុងព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឱ្យឃើញពីឆន្ទៈនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្ដេជ្ញាក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។”
លោកជំទាវ ម៉ែន នារីសោភ័គ ក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើអភិវឌ្ឍមូលធនមនុស្ស គឺមនុស្សដែលមានសមត្ថភាពខ្ពស់ និងមានសុខភាពល្អ។ ហេតុដូចនេះ ទាក់ទងនឹងការថែទាំសុខភាពបឋម, កាកបាទក្រហមកម្ពុជា បានសហការជាមួយក្រសួងសុខាភិបាល ក្នុងការអប់រំផ្សព្វផ្សាយទៅដល់បុគ្គលម្នាក់ គ្រួសារមួយ និងសហគមន៍មួយ ឱ្យមានយល់ដឹងអំពីបញ្ហាសុខភាព អនាម័យ អាហារូបត្ថម្ភ និងការគិតគូរពីការបរិភោគចំណីអាហារឱ្យមានសុវត្ថិភាព កុំបរិភោគប្រៃពេក ផ្លែកពេក ខ្លាញ់ពេក ដែលបង្ក ឱ្យមានជំងឺផ្សេងៗ។ បន្ថែមពីនេះ យើងទាំងអស់គ្នា ក៏ត្រូវចូលរួមការពារបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈ ការចូលរួមដាំដើមឈើ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម ៕
ដោយ / គ្រី សម្បត្តិ






