អាមេរិកជំរុញឱ្យអ.ស.ប គាំទ្រអ៊ីស្រាអែល និងទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការផ្ដល់ សព្វាវុធឱ្យក្រុមហាម៉ាស់
អាមេរិក៖សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែតុលា បានស្នើឡើងនូវសេចក្តីព្រាងសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(អ.ស.ប)ដែលមានខ្លឹមសារថា អ៊ីស្រាអែលមានសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន និងទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការនាំចេញអាវុធទៅកាន់ក្រុមភេរវករដែលគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៅទូទាំងតំបន់។
បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឱ្យដឹងថា សេចក្ដីព្រាងសម្រេចនោះបានអំពាវនាវឱ្យមានការការពារជនស៊ីវិល រួមទាំងមនុស្សគ្រប់គ្នាដែលកំពុងស្វះស្វែងរកទីសុវត្ថិភាពនិងបានកត់សម្គាល់ថារដ្ឋត្រូវតែគោរពតាមច្បាប់អន្តរជាតិក្នុងការឆ្លើយតបទៅនឹងការវាយប្រហារលក្ខណៈភេរវកម្ម និងជាពិសេសបន្តសកម្មភាពនាំជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សា។
ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ទេថា ពេលណាសហរដ្ឋអាមេរិកដាក់ សេចក្ដីព្រាងនេះទៅជាការបោះឆ្នោតសម្រេច។ ក្នុងករណីនេះ ដើម្បីអនុម័តនូវដំណោះស្រាយខាងលើ គេត្រូវការសំឡេងគាំទ្រយ៉ាងតិចប្រាំបួន ចេញពីសមាជិកអ.ស.ប ដោយមិនរាប់បញ្ចូលសំឡេងរបស់រុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង ឬអង់គ្លេសនោះទេ។
ចំណាត់ការរបស់សហរដ្ឋអាមេរិកនាពេលនេះផងដែរកើតឡើងបន្ទាប់ពីខ្លួនបដិសេធមិនទទួលស្គាល់ សេចក្ដីព្រាងសម្រេចមួយរបស់ប្រេស៊ីលដែលអំពាវនាវឱ្យមានការផ្អាកសកម្មភាពមនុស្សធម៌នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ដំណោះស្រាយដែលរៀបចំឡើងដោយអ្នកការទូតប្រេស៊ីល គឺមិនអាចទទួលយកបានទេ ព្រោះវាមិនបាននិយាយពីសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែលឡើយ។ចក្រភពអង់គ្លេសក៏បានបដិសេធដោយនិយាយថាដំណោះស្រាយនេះខ្វះការលើកឡើងពីវិធីដែលក្រុមហាម៉ាសកំពុងប្រើប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ជាខែលការពារពួកគេ។
គួរបញ្ជាក់ថា ស្ថានភាពសង្គ្រាមគិតត្រឹមថ្ងៃទី២២ ខែតុលា គឺឈានដល់ដំណាក់កាលដែលអ៊ីស្រាអែលប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាស ខណៈដែលការវាយប្រហារបែបនេះគឺកម្រមានណាស់។មិនត្រឹមតែប៉ុណ្ណោះអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែករបស់ខ្លួនទៅលើតំបន់ហ្គាហ្សាពេញមួយយប់ រួមទាំងការវាយប្រហារទៅលើមជ្ឈមណ្ឌលលក់ទំនិញ និងហាងកាហ្វេដ៏ពេញនិយមនៅតំបន់ហ្គាហ្សា។
បើតាមទីភ្នាក់ងារសារព័ត៌មាន Aljazeera បានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤ ៣៨៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់កាហ្សាចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ ជនជាតិអ៊ីស្រាអែលជាង ១,៤០០ នាក់ទៀតក៏ត្រូវបានសម្លាប់ ដែលភាគច្រើនបំផុត គឺនៅក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាសនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ៕
ប្រែសម្រួល៖កែវ បុស្បា