នាយករដ្ឋមន្ត្រីអូស្ត្រាលី នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងគោលដៅដោះស្រាយបញ្ហាពន្ធស្រា
កង់បេរ៉ា៖នៅថ្ងៃអាទិត្យទី២២ ខែតុលា នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយថា លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី៤ រហូតដល់ថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខ ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង (Xi Jinping) និងនាយករដ្ឋមន្ត្រី លោក លី ឈាង (Li Qiang) ក្នុងគោលបំណងដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នេះជាលើកទី១ហើយដែលមេដឹកនាំអូស្ត្រាលីប្រកាសធ្វើដំណើរទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ២០១៦ មក។ លោក Anthony Albanese បានចូលកាន់តំណែងក្នុងឆ្នាំ ២០២២ ដោយមានកាតព្វកិច្ចចម្បងគឺពង្រឹងទំនាក់ទំនងឡើងវិញជាមួយដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនគឺចិន បន្ទាប់ពីទំនាក់ទំនងនៃប្រទេសទាំង២ ធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនប៉ុន្មានឆ្នាំមកនេះ ដោយសារជម្លោះក្រុមហ៊ុនទូរគមនាគមន៍ ហួវៃ(Huawei) បញ្ហាចារកម្ម និងកូវីដ១៩។
ថ្លែងពីក្នុងទីក្រុងកង់បេរ៉ា រាជធានីនៃប្រទេសអូស្ត្រាលី លោក Albanese បានឱ្យដឹងថានៅក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ទំនាក់ទំនង សេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ហេតុផលចម្បងមួយនៃដំណើរទស្សនកិច្ចនេះ គឺដោយសារប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការដោះស្រាយជម្លោះនាំចូលស្រាពីប្រទេសអូស្ត្រាលីទៅកាន់ប្រទេសចិន។
មុនពេលចិនដាក់ពន្ធធ្ងន់ធ្ងរ ទីផ្សារចិនគឺជាទីផ្សារនាំចេញដ៏មានតម្លៃបំផុតសម្រាប់អ្នកផលិតស្រាអូស្ត្រាលី ដោយទិន្នន័យពាណិជ្ជកម្មក្នុងឆ្នាំ ២០១៩ បង្ហាញថាអូស្ត្រាលីបាននាំចេញ ស្រាទៅកាន់ប្រទេសចិនក្នុងរង្វង់ ៨០០ លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែនៅខែតុលាឆ្នាំ២០២០ ការនាំចេញនេះបានធ្លាក់ចុះដល់ដីក្រោយពីចិនប្រកាសដាក់ពន្ធលើអូស្រ្តាលីប្រមាណ២១៨ភាគរយ បន្ទាប់ពីប្រទេសនេះបានអំពាវនាវឱ្យមានការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ១៩។
មកទល់ពេលនេះ គេឃើញថាការរឹតបន្តឹងពាណិជ្ជកម្មភាគច្រើនត្រូវបានដកចេញហើយចាប់តាំងពីអូស្ត្រាលីផ្លាស់ប្តូររដ្ឋាភិបាលថ្មី ក្នុងនោះចិនបានដកការរឹតបន្តឹងលើការនាំចូលធ្យូងថ្ម ឈើ និងស្រូវដែលមានតម្លៃរាប់ពាន់លានដុល្លារ ក៏ប៉ុន្តែសម្រាប់ស្រា បង្កង និងសាច់មួយចំនួន ចិននៅរក្សារឹតបន្តឹងដដែល៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ