គណៈប្រតិភូចំនួន ១០ ប្រទេស ស្វែងយល់ពីគម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង
ភ្នំពេញ៖គណៈប្រតិភូមកពីចំនួន១០ប្រទេសផ្សេងៗគ្នា បានមកទស្សនកិច្ចសិក្សាពីគម្រោងស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីស្វែងយល់ពីកត្តាប្រឈម និងកត្តាជោគជ័យ លើការអនុវត្តគម្រោងនេះ។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រាប់ឱ្យដឹងនៅថ្ងៃទី២២ ខែតុលាថា ក្នុងនាមជាស្ថាប័នដែលអនុវត្តគម្រោងស្រូវមិត្តក្រៀល គណៈប្រតិភូនៃគម្រោង Fair For All របស់អង្គការអុកស្វាម (Oxfam) ចំនួន៣០នាក់ មកពី១០ប្រទេស បានមកទស្សនកិច្ចសិក្សាគម្រោងស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង។
ប្រទេសទាំងនោះរួមមាន៖ វៀតណាម ថៃ ឥណ្ឌូនេស៊ី ភូមា ហូឡង់ ឥណ្ឌា និងប្រទេសនេប៉ាល់ជាដើម។
លោក ប៊ូ វរសក្ស បន្តថា គោលបំណងនៃដំណើរទស្សនកិច្ចនៅតំបន់អន្លង់ព្រីងនេះ ដោយសារតែតំបន់នេះ បានផ្ដួចផ្ដើមគម្រោងស្រូវមិត្តក្រៀល ដែលទទួលបានអត្ថប្រយោជន៍ទាំងការងារអភិរក្ស ជីវៈចម្រុះ និងជួយបង្កើនជីវភាពទៅដល់ប្រជាសហគមន៍មូលដ្ឋាន។
លោកថ្លែងថា៖ «យើងបានបង្ហាញអំពីគំនិតផ្ដួចផ្ដើម លក្ខណៈវិនិច្ឆ័យ និងនិតិវិធី ហើយនឹងកត្តាប្រឈម និងកត្តាជោគជ័យអ្វីខ្លះដែលគម្រោងនេះបានអនុវត្ត ដើម្បីជាការសិក្សាស្វែងយល់ និងទទួលយកនូវអនុសាសាន៍ផ្សេងៗពីគណៈប្រតិភូផងដែរ»។
បើតាមលោក ប៊ូ វរសក្ស ក្រៅពីការបង្ហាញកត្តាប្រឈម និងកត្តាជោគជ័យនៃការអនុវត្តន៍គម្រោងនេះហើយ គណៈកម្មការសហគមន៍ផលិតស្រូវមិត្តក្រៀល ក៏បានចូលរួមចែករំលែកពីគុណសម្បត្តិ និងកត្តាប្រឈមដែលពួកគាត់បានជួបប្រទះផងដែរ ក្រោយពេលចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលនេះ។
លោកបានអះអាងថា ជាការកត់សម្គាល់ គណៈប្រតិភូមានការចាប់អារម្មណ៍ព្រមទាំងលើកជាសំណួរជាច្រើនទៅកាន់គណៈកម្មការសហគមន៍ផលិតស្រូវមិត្តក្រៀល និងអង្គការជីវិតធម្មជាតិនៅកម្ពុជា ដោយផ្តោតទៅលើកត្តាប្រឈម ការចូលរួមរបស់ស្រ្តី អេកូឡូស៊ីរបស់សត្វក្រៀល និងនិរន្តរភាពរបស់គម្រោង ខណៈដែលមកដល់ឆ្នាំទី៣នេះ កសិករស្រូវមិត្តក្រៀលមានការកើនឡើងពី ៤០គ្រួសារដល់១២០គ្រួសារ ដោយឡែកផ្ទៃដីស្រែស្រូវមិត្តក្រៀល ក៏បានកើនឡើងដល់ ១៣២ហិកតាផងដែរ។
លោកបញ្ជាក់ថា ៖ «ជារួមគម្រោងស្រូវមិត្តក្រៀលយើង ទទួលបានចាប់អារម្មណ៍ពីគណៈប្រតិភូ ពីព្រោះវាជាគំនិតផ្ដួចផ្ដើមមួយថ្មី ដែលបានផលប្រយោជន៍ទាំងជីវៈចម្រុះ និងសហគមន៍មូលដ្ឋាន»។
ក្រោយពីបញ្ចប់បទបង្ហាញនេះ ខាងអង្គការក៏បានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចស្រូវមិត្តក្រៀលនៅលើទីវាលនៃតំបន់ការពារទេសភាពអន្លង់ព្រីង ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមទិញអង្ករមិត្តក្រៀលផងដែរ។
សូមបញ្ជាក់ថា គណៈប្រតិភូចំនួន ៣០នាក់ មកពី១០ប្រទេសនេះ បានមកទស្សនកិច្ចសិក្សាគម្រោងស្រូវមិត្តក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ៕
ដោយ៖ជា សុខនី





