ក្រសួងធនធានទឹកអំពាវនាវឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ខណៈរាជធានី ខេត្តមួយចំនួនកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រកាសឱ្យដឹងថា ​ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងតង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី នៅតែមានភ្លៀងធ្លាក់ ។ក្រសួងក៏បានអំពាវនាវឱ្យ​ពលរដ្ឋបន្ត​​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​ជំនន់ទឹកភ្លៀង​​។​

ក្នុងសេចក្តីជូនដំណឹង​នៅថ្ងៃទី​២២ ខែតុលា បានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិ​តមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេស ថៃផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។ ទន្ទឹមនឹងនេះ ខ្យល់មូសុង និរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល់ (Bay of Bengal) និងនៅលើសមុទ អាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ បានកើនឥទ្ធិពលខ្លាំង។ ​​

ក្រសួងបានបញ្ជាក់ថា ៖ «​នៅរាជធានីភ្នំពេញ តំបន់មាត់សមុទ និងតំបន់ទំនាបកណ្តាល នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ លាយឡំនឹងផ្គររន្ទះជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយទៅ៦០ភាគរយ»។ សូមប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង​»​។​

ទាក់ទងនឹងជំនន់ទឹកភ្លៀងនេះដែរ កាល​ពី​រសៀលថ្ងៃទី​២១ ខែតុលាឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញបានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរ​ចុះពិនិត្យមើលស្ថានភាពទឹកជំនន់​តាមបណ្ដោយសណ្ត ស្ទឹ​ងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ​​ ​ពី​ស្ថានភាពទឹកស្ទឹងព្រែកត្នោត បាន​ថ្លែង​អំពាវនាវឱ្យប្រជាពល​រដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជា​ទឹកមានសភាពនឹងនរ​ និង​វិវត្តទៅរកភាពស្រក​វិញ​ក៏ដោយ។​​

លោកថ្លែងប្រាប់អ្នកសារព័ត៌មាន​​​នាពេលនោះថា ៖ «​ស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅព្រៃកត្នោត គិតមកដល់ពេលនេះ ស្ថានភាពទឹកនៅមានសភាពនៅទ្រឹង ប៉ុន្តែទោះបីជាយ៉ាងក្តី សូម​បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទទួលរងការលិចលង់នេះមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសក្មេងតូចៗ»។  

ឯកឧត្តម​បានបន្តថា៖ «តាមពិតទឹកនេះវាធំ ប៉ុន្តែមិនបាន​បាចសាចលិចដូចទៅនឹង​ឆ្នាំមុនៗទេ ដោយសារ​យើង​ធ្វើទំនប់ទប់ស្កាត់មួយនៅ​ជិត​ភូមិភាគពិសេស ហើយសម្រាប់ពលរដ្ឋនៅតាមសណ្តដែល​ពួកគាត់សុំាហើយដែល​ឆ្នាំណាក៏លិចដែរ»។

​បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងកា​រលិចលង់ និងបានធ្វើឱ្យ​ប្រជាពលរដ្ឋ ២ ០៧៥គ្រួសារ ទទួលរងគ្រោះដោយការលិចលង់នេះ ប៉ុន្តែមិនមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរដល់អាយុជីវិតដែរ​ ហើយអាជ្ញាធរ​ក៏បាន​ត្រៀម​ផ្តល់អំណោយដល់ពួកគាត់​ផងដែរ​។​

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា សម្រាប់ការត្រៀមកង​កម្លាំង​ក្នុង​ការ​ជួយប្រជាពលរដ្ឋ​គឺ​បាន​ត្រៀម​ជាប់ជាប្រចាំ​​សម្រាប់ជួយពលរដ្ឋនៅពេល​ជួប​ការលំបាក ឬគ្រោះថ្នាក់អ្វីមួយ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ​សង្កាត់ទាំង១០របស់ខណ្ឌដង្កោ ដែលបានទទួលរងការលិចលង់នេះ រួមមាន៖ សង្កាត់ គងនយ, សង្កាត់ទៀន, សង្កាត់សាក់សំពៅ, សង្កាត់ព្រៃស, សង្កាត់ដង្កោ, សង្កាត់ក្រាំងពង្រ, សង្កាត់ជើងឯក, សង្កាត់ព្រែកកំពឹស, សង្កាត់ស្ពានថ្ម និងសង្កាត់រលួស ​ដែលសង្កាត់ទាំងនេះរងការ​លិចលង់​មួយផ្នែកខ្លះនៃសង្កាត់ប៉ុណ្ណោះ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ ខែតុលា បានប្រាប់ឱ្យដឹងដែរថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ គិតត្រឹមថ្ងៃទី ២២ ខែតុលា ​បានស្រកទៅវិញច្រើនហើយ និងមិនមានអ្វីជាផលប៉ះពាល់ធំដុំនោះទេ។

រីឯទឹកនៅតាមសណ្តស្ទឹងព្រែកត្នោតវិញ ក៏ត្រូវបានបិទ ដើម្បីរក្សាទឹកទុក ព្រោះកន្លែងខ្លះស្ថិតនៅក្នុ្ងងកម្រិ​តដែលត្រូវរក្សាទុក សម្រាប់ប្រើប្រាស់។​

ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ៖ «ខ្ញុំគិតថា មិនជាបញ្ហាទេ ដូចយប់មិញ ភ្លៀងធ្លាក់ស្ទើរគ្រប់ស្រុក ក្រុង  ហើយនៅពេលព្រលឹមឡើង យើងបូកសរុប មិនមានកន្លែងណាមួយ រងផលប៉ះពាល់នោះទេ ហើយទឹកស្ទឹង​ក៏អាចឱ្យយើងរៀបចំបុណ្យអុំទូកនៅពេលខាងមុខបានដែរ​»។

​នៅថ្ងៃទី​២២ ខែតុលានោះដែរ ថ្នាក់ដឹកនាំ​កាកបាទក្រហម បាន​ចុះចែកអំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២ ១០១គ្រួសារ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ  ដែលកំពុងស្នា​ក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព។

​យោងតាមហ្វេសប៊ុកក្រសួងធនធានទឹក កាលពី​ថ្ងៃទី​២១ ខែតុលាឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បាន​ចុះពិនិត្យស្ថានភាពប្រឡាយ ៩៤ និង​៩៦ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កំ​ពង់សំណាញ់ ខេត្តកណ្តាល។

ឆ្លៀតឱកាសនោះ ឯកឧត្តម ថោ ជេដ្ឋា ក៏​បានអំពាវនាវដល់​ប្រជាពលរដ្ឋ ​បន្តការប្រុងប្រយ័ត្ន និងថែរក្សាសុ​ខភាព ដោយការផឹក​ស្អាត ហូបស្អាត និងរស់នៅស្អាត និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេ​សមន្ទីរធនធានទឹក និងឧតុនិយមបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានតាមដានដោយយកចិត្តទុកដាក់ និ​ងឆ្លើយតបឱ្យបានទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner