មន្ត្រីរដ្ឋបាលជលផលខេត្តក្រចេះ ចាប់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្សសត្វផ្សោតទន្លេមេគង្គ

អត្ថបទដោយ៖
Kien Sereyvuth

ក្រចេះ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចជំនាញចាប់ខ្លួនបាន និងរឹបអូសវត្ថុតាង រួមមាន ទូកស្មាច់ចំនួន១គ្រឿង ម៉ាស៊ីន១គ្រឿង អាគុយចំនួន១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត ពេលដែលកំពុងធ្វើសកម្មភាពដោយប្រើឧបករណ៍ឆក់ត្រីនៅក្នុងតំបន់អភិរក្សសត្វផ្សោត កាលពីម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចអន្លង់ផ្សោត ភូមិកំពុងក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ប្រតិបត្តិកានេះ ធ្វើឡើងដោយមានការសហការពីក្រុមការងារអភិរក្សសត្វផ្សោត កោះរ៉ុង សហការជាមួយសហគមន៍នេសាទកំពុងក្បឿង នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងចារ រួមនឹងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះ។

ជនសង្ស័យឈ្មោះអេង អឿន ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ថន ពិសទ្ឋិ ភេទប្រុស អាយុ១៨ឆ្នាំ ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិត្បូងខ្លា ឃុំអូររម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ជនសង្ស័យទាំងពីរត្រូវបានមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បញ្ជូនខ្លួន រួមនឹងវត្ថុតាងទៅកាន់សាលា ដំបូងខេត្តក្រចេះហើយនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីចាត់វិធានកាតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីបទល្មើសជលផល។

គួរបញ្ជាក់ថា ថ្មីៗនេះសត្វផ្សោតទំងន់ជាង១០០គីឡូក្រាមមួយក្បាល ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹក នៅក្នុងជំណុច ភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយសាកសពសត្វផ្សោត ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។ ការស្លាប់នៃសត្វផ្សោតមួយនេះ ត្រូវបានក្រុមការងារស្រាវជ្រាវរួមដែលមានរដ្ឋបាលជលផល និងអង្គការ WWF ធ្វើការសន្និដ្ឋានថា ស្លាប់ដោយសារជាប់មង ព្រោះមានស្នាមមង នៅកន្ទុយរបស់វា។ មន្ត្រីជំនាញអះអាងថា សត្វផ្សោតចំនួន៥ក្បាលហើយ ដែលបានស្លាប់ចាប់តាំងពីខែមករា ឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ ហើយកាស្លាប់នៃសត្វផ្សោតនោះ ភាគច្រើនគឺដោយសារជាប់មង ឬកាធ្វើនេសាទដោយប្រើឧបរកណ៍នេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សទាំងនោះ។

លោក ម៉ុក ពន្លក ខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ និងជាប្រធានឆ្មាំអភិរក្សសត្វផ្សោត បានបញ្ជាក់ថា ការដាក់មងចាប់ត្រីមានពូជនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចម្បងដែលធ្វើឲ្យមានរកាស្លាប់សត្វផ្សោត។ លោកបានអំពាវនាវ សូមកុំឲ្យមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស និងស្នើសុំដល់កម្លាំងជំនាញពាក់ព័ន្ធទាំងអស់មេត្តាចូលរួមនៅក្នុងការទប់ស្កាត់ និងអភិរក្សសត្វផ្សោតទាំងអស់គ្នា និងរាយការណ៍ជាបន្ទាន់នៅពេលដែលឃើញមានបទល្មើស ការប្រើឧបករណ៍នេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោត ដើម្បីចូលរួមថែរក្សាការពារ សត្វផ្សោតទន្លេមេគង្គដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង៕ធ.ដ

ដោយៈ ម៉េង គាង

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner