នាយករដ្ឋមន្រ្តីអូស្រ្តាលីនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននាខែក្រោយ ដើម្បីជួបលោក ស៊ី ជីនពីង
កង់បេរ៉ា៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅដើមខែវិច្ឆិកាខាងមុខនេះ ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ខណៈដែលប្រទេសដៃគូពាណិជ្ជកម្មទាំងពីរកំពុងព្យាយាមជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញ។
Read. នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់ថូនី អាល់បាណេស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការធានានូវទំនាក់ទំនងប្រកបដោយស្ថិរភាព និងផលិតភាព។
ខ្ញុំស្វាគមន៍ចំពោះវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីនាំយកផលិតផលអូស្រ្តាលី រួមទាំងស្រារបស់អូស្រា្តលីចូលទីផ្សារប្រទេសចិនវិញ។
សូមរម្លឹកថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអូស្រ្តាលី និងចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានកើតមានចាប់តាំងពីឆ្នាំ២០១៨មក បន្ទាប់ពីអូស្រ្តាលីបានហាមឃាត់ក្រុមហ៊ុនហូវៃ មិនឱ្យដំឡើងបណ្តាញអ៊ីនធើណិតឥតខ្សែ 5G របស់ក្រុមហ៊ុនទូរគមនាគមន៍ចិនមួយ។
ហើយជម្លោះនេះបានបង្កឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលីបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិទៅលើប្រភពដើមនៃវីរុសកូវីដ ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងថា កើតមាននៅទីក្រុងវូហាន ភាគកណ្តាលប្រទេសចិន។
ជាការឆ្លើយតប ចិនបានដកហូតពន្ធលើស្រារបស់អូស្រ្តាលី និងស្រូវបាលី ព្រមទាំងបានដាក់កម្រិតលើការនាំចូលសាច់គោ ធ្យូងថ្ម និងទំពាំងបាយជូរអូស្រ្តាលី ពោលគឺជាវិធានការដែលត្រូវបានអាមេរិកលើកឡើងថា ជា «ការគាបសង្កត់ផ្នែកសេដ្ឋកិច្ច»៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


