ឆ្នាំនេះសម្បូរផ្សិតកញ្ចូ ដុះច្រើន ធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំង សប្បាយរីករាយ នឹងដើរដកផ្សិតលក់

(ភ្នំពេញ)៖ ចាប់តាំងតែពីពាក់កណ្តាល ខែតុលា ឆ្នាំ២០២៣ មកផ្សិតកញ្ចូបានដុះជាបន្តបន្ទាប់ នៅតាមព្រៃសហគមន៍ ក៏ដូចជាតាមស្ទឹង និងព្រៃរបោះ បានធ្វើឱ្យប្រជាសហគមន៍សាមគ្គីអមលាំងសប្បាយរីករាយជាមួយនឹងការដើរ ដកយកមកទុកបរិភោគដែលជាអាហារបានមកពីធម្មជាតិមានរស់ជាតិឆ្ងាញ់ពិសារ និងពិសេសនោះអាចលក់រកចំណូលសម្រាប់បង្កើនជីវភាពគ្រួសារថែមទៀត ។

គួរបញ្ជាក់ថាតាំងតែពី ខែមិថុនា មកគេតែងឃើញបងប្អូនប្រជាសហគមន៍សាមគ្គីអមលាំង ស្ថិតនៅឃុំ អមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានដើរដកផ្សិតដាក់លក់តាមផ្លូវជាហូរហែស្ទើររៀងរាល់ថ្ងៃ។

អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍សាមគ្គីអមលាំង បានឱ្យដឹង នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ ២០២៣ថា៖ នៅសហគមន៍របស់អ្នកស្រីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានដុះផ្សិតកញ្ចូច្រើនកន្លែង ធ្វើឱ្យបងប្អូនប្រជាសហគមន៍ នាំគ្នាដើរដកផ្សិតតាមព្រៃសហគមន៍ តាមដងស្ទឹង និង ព្រៃរបោះនានាលក់បានកម្រៃច្រើនគួរសម ដោយក្នុងនេះមានគ្រួសារខ្លះអាចរកប្រាក់ចំណូលរហូតដល់ ២០ម៉ឺនរៀលក្នុងមួយថ្ងៃ ។

ប្រធានសហគមន៍រូបនេះ បានឱ្យដឹងទៀតថា ”សម្រាប់ប្រជាសហគមន៍ដែលអាចរកប្រាក់ចំណូលក្នុងការដកផ្សិតបច្ចុប្បន្នមានចំនួន ៣ភូមិ គឺ ភូមិកុមារមាស ភូមិទំនាប និងភូមិ ថ្មគប់ ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្នុងសមាគមន៍អ្នកស្រីមានសមាជិក ៣៥០គ្រួសារនិងមានពលរដ្ឋជាង ១ពាន់នាក់។

អ្នកស្រី បន្ថែមថា៖ ជាទូទៅក្នុងសហគមន៍របស់អ្នកស្រីមានដុះផ្សិតច្រើនប្រភេទ ដូចជាផ្សិតក្ងោក ផ្សិតពពេល ច្រើនដុះនៅអំឡុងចុងខែសីហា ដល់ដើមខែកញ្ញា។ ចំណែកផ្សិតកញ្ចូច្រើនដុះចុងខែកញ្ញា ដល់ ចុងខែតុលា និង ផ្សិតដំបូក តែងឃើញដុះនៅអំឡុងខែសីហា ដល់ ខែ តុលាជាដើម ។

អ្នកស្រី សាយ គីន រស់នៅភូមិទំនាប ដែលបានដើរដកផ្សិតកញ្ចូមកទុកធ្វើម្ហូប និងបានដាក់លក់មុខផ្ទះផងបានឱ្យដឹងថា៖ ផ្សិតកញ្ចូជាបន្លែធម្មជាតិ ជាបន្លែព្រៃគ្មានជាតិគីមី ក្នុងមួយឆ្នាំមានម្តង ត្រូវបានអ្នកស្រែចម្ការ នាំគ្នាដើរចូលព្រៃបេះយកមកលក់នៅ ទីផ្សារដើម្បីបានកម្រៃចំណូលបន្ថែមសម្រាប់គ្រួសារ។

ដោយឡែកអ្នកស្រី ឆោម ប៉ែត រស់នៅភូមិទំនាបដូចគ្នាបានប្រាប់ដែរថា៖ ផ្សិតកញ្ចូ ជាផលអនុផលព្រៃឈើមួយផ្នែក ដែលដុសចេញរុក្ខជាតិព្រៃ ក្នុងមួយឆ្នាំមានតែម្ដង ត្រូវបានអ្នកភូមិនាំគ្នាចូលព្រៃដើរបេះមកលក់ ក្នុងមួយថ្ងៃ ពួកគាត់អាចបេះបានចាប់ពី ៣ទៅ ១០ គីឡូក្រាមក្នុងមួយថ្ងៃ និងលក់បានក្នុង ១គីឡូក្រាមចាប់ពី ២ម៉ឺនរៀល ទៅ ២៥០០០ ម៉ឺនរៀល ។

ដោយឡែក អ្នកស្រី ប៉ូយ មុំ អ្នកដកផ្សិតលក់មួយរូបទៀតរស់នៅភូមិថ្មគប់ បានឱ្យដឹងថា៖ អ្នកស្រីអាចរកចំណូលពីការដកផ្សិតក្នុងរយៈពេលនេះចាប់ពី ៦ម៉ឺនដល់ជាង ១០ម៉ឺនរៀលក្នុងមួយថ្ងៃ។ សម្រាប់ បន្លែពីធម្មជាតិនៃដែរគេកម្របានបរិភោគណាស់មួយឆ្នាំមានតែម្ដង ហើយពិសេសអ្នកទេសចរ និងអ្នកមកពីភ្នំពេញ តែងតែនាំគ្នាទិញទៅបរិភោគច្រើនគ្នាណាស់ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាស្រ័យផលចេញពីព្រៃធម្មជាតិ តាមរយៈបេះផ្លែឈើ តាមរដូវ បោចវល្លិ រកបន្លែជាស្លឹក និងដកផ្សិតលក់ជាដើម។ ជាមួយគ្នានេះ កន្លងមកក្រសួងបរិស្ថានបាន អំពាវនាវឲ្យប្រជាជនក្នុងសហគមន៍ទាំងអស់ ចូលរួមការពារនូវធនធានធម្មជាតិ និងអភិរក្សធនធានធម្មជាតិឲ្យបានល្អប្រសើរ ជៀសវាងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ បរបាញ់សត្វខុសច្បាប់ ដើម្បីទទួលបាននូវអនុផលពីព្រៃឈើ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងសហគមន៍របស់ខ្លួន៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner