អនុប្រធានទី២ រដ្ឋសភា ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជកម្ម វប្បធម៍ និងការ តភ្ជាប់ ប្រជាជន និងប្រជាជន រវាងខេត្តលាវនីង និងកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ញាតឱ្យ ឯកឧត្តម វ៉ាង មីងយូ អនុប្រធាន សភាពិគ្រោះយោបល់នយោបាយប្រជាជនចិននៃខេត្តលាវនីង និងគណៈប្រតិភូ ចូលជួប សម្តែង ការគួរសម និងពិភាក្សាការងារ កាលពី ព្រឹក ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម វង សូត បាន អបអរសាទរ ចំពោះមិត្តចិន ដែលបានរៀបចំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ប្រកបដោយជោគជ័យត្រចះត្រចង់ ដោយមានប្រទេសជាសមាជិក និងអង្គការជាច្រើនបានចូលរួម ហើយក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃ កម្ពុជា ក៏បានចូលរួមផងដែរ។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលតែងតែជួយ ឧបត្ថម្ភគាំទ្រ ដល់ កម្ពុជា ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ក្រោម គម្រោងរបស់ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
ឯកឧត្តម វ៉ាង មីងយូ បានសម្តែងនូវមោទនភាពចំពោះប្រទេសទាំងពីរ កម្ពុជា-ចិន ដែលមានទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយគ្នា ក្នុងនាមជាមិត្តដែកថែម និងជាប្រទេស ដែល មានកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជាមួយគ្នា តាំងពីឆ្នាំ២០១០មក ។

ឯកឧត្តម វ៉ាង មីងយូ បានជម្រាបអំពីខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពលរបស់ចិន មានការអភិវឌ្ឍស្ទើគ្រប់វិស័យ រួមមានវិស័យឧស្សាហកម្ម កសិកម្ម បច្ចេកវិទ្យា និងវិស័យអប់រំផងដែរ។ ដើម្បី ឆ្លើយតបតាមតម្រូវការរបស់ថ្នាក់ដឹកនាំប្រទេស ទាំងពីរ ឯកឧត្តម នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ និងវប្បធម៌ រវាងខេត្តលាវនីង ជាមួយកម្ពុជា ជាពិសេស រវាងខេត្តលាវនីង ជាមួយខេត្ត ព្រះសីហនុ ដែលជាខេត្ត បានចងសម្ព័ន្ធភាពជាមួយគ្នា ៕


ដោយ ហេង សម្បត្តិ+ថេត វិចិត្រ