ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញការអភិវឌ្ឍ​បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

ភ្នំពេញ៖អាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័​​យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកទៅថ្ងៃ​អនាគត។

ជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនេះ ត្រូវបានធ្វើឡើងតាមរយៈសិក្ខាសាលានា​​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣​ ​ ដែលធ្វើឡើង​ក្នុងគោលបំណងប្រមូលធាតុចូលជាយុទ្ធសាស្ត្រពីអ្នកចូលរួមទាំងអស់ ជាវិ​ភាគទា​នដល់ការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ សំដៅចូលរួមគាំទ្រការអនុវត្តរបៀបវារៈ និងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអគ្គលេខាធិការដា្ឋនអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានថ្លែងថា ក្នុងបរិការណ៍សកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម, បច្ចេកវិទ្យាបាននិងកំពុង ធ្វើបរិវត្តន៍​កម្មឌីជីថលក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គម ដែលក្នុងនោះក៏មានការធ្វើបរិវត្តន៍​កម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុផងដែរ។ ការណ៍នេះធ្វើឱ្យលេចឡើងនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចឌីជីថល និងសុខុមាលភាពសង្គមវៃឆ្លាត។

លោកបានថ្លែងបញ្ជាក់ថា ៖ «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ មានការគិតគូរទាំងក្នុងវិស័យធនាគារ ទាំងក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅរួមចំ​ណែ​កជំរុញសន្ទុះនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក»។

ជាមួយគ្នានោះដែរ បណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដា្ឋន​អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងដែរ​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមានកា​រគាំទ្រខ្ពស់ពីរាជរដ្ឋាភិបាល វិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានការលូតលាស់គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងអំឡុងនិ​ងក្រោយ វិបត្តិជំងឺកូវីដ​១៩។

លោកបាន​មានប្រសាសន៍​ថា ៖ «រាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេល ក្នុងស្មារតីបុរេសកម្ម តាមរយៈការប្រើប្រាស់យុ​ទ្ធ​សា​ស្ត្រផ្ការីក ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសហគមន៍ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះៗពាក់ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រ​ដល់ការស្តារ និងការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម»។

បណ្ឌិត ម៉ី វ៉ាន់ បានបន្តថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បាននិងកំពុងផ្តល់វិភាគទានយ៉ាងសំខាន់ដល់ការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្ន វិស័យនេះ នៅបន្តមានវឌ្ឍនភាពជាវិជ្ជមាន លើកលែងតែវិស័យអចលនវត្ថុ ទោះ​បីជាសេដ្ឋកិច្ចជាតិ, តំបន់ និងសកលកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងកំណើនអតិផរណាក្តី។ វឌ្ឍនភាពទាំងនេះ ក៏មានការរួមចំណែកពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជ ប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចទីផ្សារ និងសុខុមាលភា​ពសង្គមវៃឆ្លាតផងដែរ។

លោក សាធូរុ យ៉ាម៉ាដេរ៉ា (SATORU Yamadera) ទីប្រឹក្សានាយកដ្ឋានស្រាវជ្រាវនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងនាសិក្ខាសាលាដដែល​នោះ​​ថា វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការប្រមូលនូវព័ត៌មាន ក៏​ដូចជាមានការយល់ដឹងបន្ថែមទៀតអំពីបចេ្ចកវិទ្យាហិរញ្ញវត្ថុ(Fin-Tech) ក្នុងការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោក សាធូរុ បានបញ្ជាក់បន្ថែម​ថា ៖ «យើងទាំងអស់គ្នាដឹងហើយថាបច្ចេកវិទ្យា ជាគន្លឹះជាកូនសោនៅក្នុងការអភិវឌ្ឍន៍សេ​ដ្ឋកិច្ច ប៉ុន្តែខ្ញុំចង់បញ្ជាក់ថា បច្ចេកវិទ្យាមិនមែនជាដំណោះស្រាយនោះទេ តែជាឧបករណ៍ ឬជាមធ្យោបាយ​ដើម្បីគាំទ្រ ឱ្យ​សម្រេចបាននូវផែនការដែលបានគ្រោងទុក»។

បើតាមបណ្ឌិត ម៉ី វ៉ាន់ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យ ហិរញ្ញវត្ថុមិនមែនធនាគារ ស្ថិតនៅដំណាក់កាលលូតលាស់ដំបូងនៅឡើយ ដែលប្រៀបដូចជា កូនដើមឈើមួយដើម ដែលទាមទារនូវការថែទាំឱ្យបានល្អបន្ថែមទៀត។

លោកបញ្ជាក់ថា ​ប្រៀបធៀបនឹងប្រទេសក្នុងតំបន់ ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មិនស្ថិតនៅក្រោយគេនោះទេ ប៉ុន្តែស្ថិតក្នុងចំណោម​ប្រទេសដែលមិនទាន់អាចទាញយកអត្ថប្រយោជន៍ជាអតិបរមានៅឡើយ។ ជាមួយនឹងការគាំទ ពីរា​ជរដ្ឋាភិបាល បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នឹងរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកទៅថ្ងៃអនាគត៕

ដោយ៖វណ្ណ សុជាតា

ads banner